សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការងារ ៥ចំណុច ដើម្បីពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ

(ភ្នំពេញ)៖ តាមរយៈសារលិខិតអបអរសាទរដល់ ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីការងារអាទិភាព៥ចំណុច របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោត លើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។

សម្តេចបានបញ្ជាក់ថា តាំងពីយុទ្ធសាស្ត្រត្រីកោណ-ចតុកោណ និងនាពេលនេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី ៧ នេះ សម្តេចសូមបន្តវរភាពគំរូរបស់ សម្តេចតេជោ ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោត លើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ហើយរាជរដ្ឋាភិបាលសូមផ្តោតអាទិភាព លើការងារទាំង ៥ ដូចខាងក្រោម៖

ទី១៖ ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផលប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។

ទី២៖ ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និង វិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ។

ទី៣៖ ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្ត ផ្អែកលើ គុណាធិបតេយ្យ និងការចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។

ទី៤៖ ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ។

ទី៥៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បី រៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមស្ថាប័នសាធារណៈ។

រាជរដ្ឋាភិបាល ក៏សូមកោតសរសើរដល់រាល់ការប្រឹងប្រែងរែកពុនភារកិច្ចជាតិ – អន្តរជាតិ របស់ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបំពេញកន្លងមក ដោយនាំមកនូវទំនុកចិត្ត ការគាំទ្រ និងការចូលរួមដ៏កុះករពីសំណាក់ ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមហាជនទូទៅ យ៉ាងរឹងមាំផងដែរ។

សម្តេចបានបន្តថា៖ ក្រោមពាក្យស្លោក «បម្រើផលប្រយោជន៍ប្រជាជនជាចម្បង ៖ ផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ងាយស្រួល និងជឿទុកចិត្ត ពង្រឹងការបង្ការទប់ស្កាត់» សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះ សូម គ្រប់ ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការ ជាមួយរាជរដ្ឋាភិបាល ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ យើងបន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយរបស់យើង គឺសង្គមស្អាតស្អំបវររុងរឿង៕

អត្ថបទដែលជាប់ទាក់ទង