ប្រទះឃើញយុវជនចំនួន ០២នាក់ ព្យាយាមរត់គេចពី សមត្ថកិច្ចកំពុងល្បាត បន្ទាប់មកកម្លាំងប៉ុស្តិ៍ក៏បានឃាត់សួរនាំរហូត…
ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង បានសហការជាមួយសន្តិសុខរោងចក្រ ចុះល្បាតនៅចំណុចផ្សារចិន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញយុវជនចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ញ៉ែត ភត្រា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ស៊ៅ សោភ័ណ្ឌ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដោយយុវជនទាំង២នាក់ បានព្យាយាមរត់គេចពីសមត្ថកិច្ចកំពុងល្បាត បន្ទាប់មកកម្លាំងប៉ុស្តិ៍ក៏បានឃាត់សួរនាំរហូត ឈានដល់ការឆែកឆេររកឃើញមានវត្ថុតាងរួមមាន:
-ម៉ូតូ ០១គ្រឿង ម៉ាកអុិចសុីទ័រ ពណ័សក្រហម គ្មានផ្លាកលេខ
-ទូរសព្ទ័ម៉ាកOPPO ១គ្រឿង ពណ៌ខ្មៅ
-កញ្ចប់គ្រឿងញៀនប្រើអស់ ១កញ្ចប់
-កែវជក់ថ្នាំញៀនចំនួន ០២
-សុីយ៉ូជ័រចំនួន ០២ ពណ៌ស និងលឿង ។
ក្រោយពីឆែកឆេររួចកម្លាំងនគរបាលប៉ុស្ដិ៍ បាននាំខ្លួនជនសង្ស័យទាំង២នាក់ មកប៉ុស្តិ៍ដើម្បីធ្វើតេសរកសារធាតុញៀន ហើយពិនិត្យឃើញថា ឈ្មោះ ស៊ៅ សោភ័ណ្ឌ មានសារធាតុញៀនក្នុងខ្លួន ។
បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពុងធ្វើការសាកសួរនៅអធិការដ្ឋានស្រុកព្រៃនប់ ដើម្បីសុំគោលការណ៍បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនស្រុកស្ទឹងហាវ ៕