លោក ម៉ាដូណា ទម្លាយរឿង អ្នកនាង ខ្ញុង ជំពាក់ ៥ ម៉ឺនដុល្លារ មានលុយក៏មិនសង បែរយកទៅទិញដីទិញផ្ទះ
មហាជននិយមតាមដានព័ត៌មានសិល្បៈ ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវលុយកាក់របស់តារាកំប្លែង អ្នកនាង ខ្ញុង ដែលធ្លាប់ជាប់បុលលុយលោក ម៉ាដូណា។
កាលនោះ គេចាំបានថា លោក ម៉ាដូណា បានចេញមកបង្ហោះសារជារឿយៗពាក់ព័ន្ធនឹង អ្នកនាង ខ្ញុង ខ្ចីលុយមិនទាន់សង និង សន្យាសងម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រហូតធ្វើឱ្យលោកមានបញ្ហាទៀត ព្រោះលុយ ដែលអ្នកនាង ខ្ញុង យកទៅមានទាំងរបស់លោកផង និង លោកធានាខ្ចីពីអ្នកផ្សេងផង។
ដោយឡែក រឿងរ៉ាវខាងលើហាក់ស្ងប់ស្ងាត់មួយរយៈហើយនោះ ស្រាប់តែនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ លោក ម៉ាដូណា បានយកវីដេអូរបស់អ្នកនាង ខ្ញុង និយាយពីរឿងយល់សប្តិមកបង្ហោះលើគណនីហ្វេសប៊ុករបស់លោក និង អមនូវសាររៀបរាប់ថា៖ «បើយល់សប្តិ ឃើញបាក់ធ្មេញហូរឈាមខ្លួនឯង គេឱ្យដឹងថានាង Srey Knhong ឯង គួរសងលុយគេផង លុយអញ ៥ ម៉ឺនដុល្លារ និង លុយអ្នកផ្សេងជាង ១០ នាក់ទៀត គេឆាតមកសួរអញ ថានាងឯងបានសងខ្លះទេ តែនាងឯងអត់សងទាំងអស់ ហើយឆ្លើយបំផ្លើសការពិតថារកសងគេគ្រប់គ្នាទាំងមិនបានសង ហើយនិយាយសុទ្ធតែដាក់សម្ពាធ និង គេជិះជាន់ តែទុកលុយដើរទិញផ្ទះ និង ដីជាមួយប្តី។ អញដឹងរឿងនឹងច្បាស់ណាស់! តែមិនដាក់ឈ្មោះខ្លួនឯងឆ្លាតមែន បើប្តីវិញសុទ្ធតែធានាចេញសងជំនួសអញ តែថោកដូចនាងឯង គឺថាឆាតមិនឆ្លើយ។ អញថតឯកសារទុកទាំងអស់ ហើយអញចង់ដឹងមើល! ពេលអញបង្ហោះបែបនេះ តើនាងឯង និង ប្តីទុកលុយប្តឹងអញ ឬក៏សងគ្រប់គ្នា។ អាណិតដល់កូនៗ ដែលគ្នាមិនដឹងអីផង! គ្នាខ្មាសគេណាស់ ដែលមានឪពុកម្តាយចរិតបែបនេះសងលុយគេទៅ កុំឱ្យបាប មីនរកអានរកប្រែត។ ត្រូវចាំ អញនឹងបង្ហោះរហូតដល់នាងឯង និង ប្តីសងលុយអញ»។
លើសពីនោះ លោក ម៉ាដូណា ក៏បានបន្តបង្ហោះសារមួយទៀត ក្រោយអ្នកនាង ខ្ញុង បានចេញមុខមកសុំទោសម្ចាស់ជាថ្មីថា៖ «ទោះនាងឯងមានលុយ ក៏មិនសងគេដែរ ហើយបើនាងឯងចង់ងាប់ ចាំអញគិតទៀត! តើចូលបុណ្យក្នុងថ្លៃជំពាក់ប៉ុន្មាន នឹងនៅសល់ឱ្យជំពាក់កម្មអញទៀត! ហើយពពួកសិល្បៈគ្រប់រូប ត្រូវរៀននិយាយគោរពអាណាបងអាណាប្អូន កុំហៅឈ្មោះដោយគ្មានសុជីវធម៍ ហើយអញ share ឱ្យផេកនាងឡើងអ្នកមើលឱ្យច្រើន ដើម្បីឱ្យលក់ ប្រហុក ផ្អក សាច់ ទឹក ឱ្យគេទិញច្រើនៗ ដើម្បីមានលុយទិញដី មិនបាច់សងគេ! លក់ដាច់គ្រប់ពេលតែមិនសងលុយ»៕