កុមារីដែលម្តាយស្វែងរកការសង្គ្រោះ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នោះ ពេលនេះការព្យាបាលទទួលបានលទ្ធផលល្អជិត ១០០ភាគរយ និងអនុញ្ញាតឱ្យចេញទៅផ្ទះហើយ
(ភ្នំពេញ)៖ កុមារី អាត ស្រីនុ ដែលមានជំងឺខ្សោយពោះវៀនពីកំណើតនោះ នៅពេលនេះពោះវៀនអាចដំណើរការបានឡើងវិញស្ទើរតែ១០០ភាគរយហើយ បន្ទាប់ទទួលបានការវះកាត់ និងថែទាំជំងឺដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា។ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ កុមារី ស្រីនុ ក៏ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។
កុមារី អាត ស្រីនុ អាយុ ៣ឆ្នាំ និង៨ខែ បានកើតជំងឺខ្សោយពោះវៀនធំបណ្តាលមកពីគ្មានសរសៃប្រសាទតាំងពីកំណើត។ កុមារីធ្លាប់បានសម្រាកពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញចំនួន៤ដង ចាប់ពីខែមករា ឆ្នាំ២០២១ ហេីយបានទទួលកាវះកាត់ចំនួន៣ដងរួចមកហើយ។ កុមារីរូបនេះ ត្រូវបានចោះពោះវៀនធំចំហមកក្រៅពោះ (Colostomy) កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ចុងក្រោយត្រូវបានវះកាត់នៅមន្ទីរពេទ្យជ័យវរ្មន័ទី៧ ចំនួន១ដងនៅខែមករា ឆ្នាំ២០២២ ជាមួយរោគវិនិច្ឆ័យស្ទះពោះវៀន។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីជាម្តាយ ដែលមានមុខរបរជាកម្មកររោងចក្រសាប្រីណា (sabrina) បានបីកូនស្រីមានបញ្ហាពោះវៀននេះ ទៅចូលរួមក្នុងពិធីសំណេះសំណាល ធ្វើឡើងក្រោមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងបំណងស្វែងរកកិច្ចអន្តរាគមន៍ពីសម្តេចជួយព្យាបាលកូនស្រីរបស់ខ្លួន។
មិនខកបំណងនោះឡើយចំពោះការពុះពារមួយនេះ ពេលអញ្ជើញទៅដល់ទីតាំងកម្មវិធីភ្លាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដើរសំដៅឆ្ពោះទៅកាន់កម្មការិនី ហៀង ចាន់ ដែលកំពុងបីកូនស្រីមានបញ្ហាពោះវៀននោះ។ បន្ទាប់មកសម្តេចធិបតី បានបញ្ជាលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនាំកុមារី និងម្តាយទៅមន្ទីរពេទ្យភ្លាមៗ និងព្យាបាយដោយឥតគិតថ្លៃរហូតជាសះស្បើយ។ បន្ទាប់ពីទទួលបានការណែនាំនោះលោកស្រី យក់ សម្បត្តិ ក៏បានចាត់ចែងនាំយកកុមារីទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
បន្ទាប់ពីការសម្រាកនៅមន្ទីរពេទ្យ និងទទួលការតាមដានសុខភាពអស់រយៈពេល៣ថ្ងៃ កាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមវះកាត់បិទប្រហោងពោះវៀន និងដោះពោះវៀនដែលប្រទាក់គ្នា ដើម្បីទាញភ្ជាប់មករន្ធគូទវិញ។ ការវះកាត់មានការស្មុគស្មាញច្រើន និងប្រើរយៈពេលវះកាត់រហូតដល់ទៅ៤ម៉ោង ដោយវេជ្ជបណ្ឌិតដែលមានជំនាញខ្ពស់ចំនួន៣នាក់។ ក្រោយពេលវះកាត់ កុមារី ស្រីនុ បានដឹងខ្លួន ហើយស្គាល់ឪពុកម្តាយ ប៉ុន្តែត្រូវតាមដានបន្តទៅលើដំណើរការពោះវៀនធំ ដែលខ្សោយនោះ តើមានដំណើរ ឬអត់ដំណើរការ នៅដំណាក់កាលបន្ទាប់ និងតាមដាននូវហានិភ័យក្រោយវះកាត់បន្តទៀត។
លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា បានប្រាប់អង្គភាពព័ត៌មានថា នៅព្រឹកថ្ងៃចន្ទទី២ ខែតុលា ឆ្នាំ២០២៣ ពោលរយៈពេល២២ថ្ងៃ ក្រោយការវះកាត់ បិទប្រហោងពោះវៀន និងដោះពោះវៀនដែលប្រទាក់គ្នា ដើម្បីទាញភ្ជាប់មករន្ធគូទវិញ និងថែទាំតាមដានស្ថានភាពជំងឺក្រោយវះកាត់ដ៏ស្មុគ្រស្មាញកន្លងមកនោះ នៅពេលនេះពោះវៀនធំ និងរន្ធបាតរបស់កុមារី ស្រីនុ មានដំណើរការបានប្រហែល៧០ភាគរយហើយ។
លោកវេជ្ជបណ្ឌិត គី សន់ទី បានបញ្ជាក់ទៀតថា ពេលនេះកុមារី ស្រីនុ អាចញ៉ាំអាហារបានច្រើនជាងមុន និង បន្ទោរបង់បានប្រសើរជាងមុន ហើយនៅថ្ងៃនេះ មន្ទីរពេទ្យ បានអនុញ្ញាតឱ្យចេញទៅផ្ទះវិញផងដែរ។ បើទោះបីជាយ៉ាងណាកុមារី ស្រីនុ ត្រូវវិលមកជួបពេទ្យវិញរាល់១ខែម្តង និងត្រូវធ្វើលំហាត់ភ្ញោចចលនាពោះវៀន និងលំហាត់ពង្រីករន្ធបាតបន្ត (réhabilitation avec la dilatation anale par bouginage)។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាអ្នកទទួលបទបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យសម្របសម្រួល និងតាមដានលើករណីនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា ដែលបានយកចិត្តទុកដាក់ព្យាបាលកុមារី អាត ស្រីនុ រហូតដល់ទទួលបានជោគជ័យប្រកបដោយក្តីសោមនស្សរីករាយ។
បន្ទាប់ពីការព្យាបាលដោយជោគជ័យទាំងអាណាព្យាបាល និងកុមារី ស្រីនុ បានចាកចេញពីពេទ្យត្រឡប់ទៅផ្ទះវិញ ជាមួយទឹកមុខស្រស់ថ្លា និងស្នាមញញឹមប្រកបដោយក្តីរីករាយជាទីបំផុត។
ទឹកចិត្តឪពុកម្តាយគ្មានក្តីរីករាយណាមួយស្មើនឹងការជួយសង្គ្រោះជីវិតកូនខ្លួនឱ្យរួចផុតពីគ្រោះនៃរោគានោះឡើយ។ អ្នកស្រី ហៀង ចាន់ ដែលបានរស់នៅបៀបទុក្ខព្រោះឃើញកូនរស់នៅជាមួយជំងឺដ៏លំបាកយូរឆ្នាំមកហើយនោះ បានបង្ហាញក្តីរីករាយជាខ្លាំងគ្មានអ្វីប្រៀបផ្ទឹមបាននោះឡើយ។
អ្នកស្រី ហៀង ចាន់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអន្តរាគមន៍ផ្តល់ការព្យាបាលជូនកូនស្រីរបស់អ្នកស្រីរហូតទទួលបានជោគជ័យ។
អ្នកស្រី ក៏បានថ្លែងអំណរគុណលោកស្រី យក់ សម្បត្តិ ដែលបានសម្របសម្រួលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងក្រុមក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងព្យាបាល និងថែទាំរហូត ស្រីនុ មានសុខភាបល្អប្រសើរឡើងវិញ ៕