កម្ពុជា និង កាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

(ភ្នំពេញ)៖ ទីក្រុង Almaty៖ ឆ្លៀតក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ និងពិភាក្សាការងារផ្លាស់ប្តូរបទពិសោធជាមួយឯកឧត្តម Yerkinbayev Yerzhan អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតនាឆ្នាំ២០២៥ នេះ តាមរយៈការចុះអនុស្សារណៈស្តីពីការយោគយល់គ្នាលើវិស័យទេសចរណ៍នាពេលដ៏ឆាប់ខាងមុខ។

ដោយសារមើលឃើញនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពដល់អ្នកទេសចរកាហ្សាក់ស្ថានកន្លងមក តាមរយៈកំណើនទេសចរកាហ្សាក់ស្ថានមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ការថតភាពយន្តទេសចរណ៍នៅកម្ពុជាដោយជោគជ័យរបស់ផលិតកម្ម DAUBAY ជាពិសេសគឺប្រទេសកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថានមានចំណុចរួមគ្នាជាច្រើនដូចជាភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋទាំងពីរចំពោះភ្ញៀវ និងអ្នកវិនិយោគបរទេស ម្ហូបអាហារជាលក្ខណៈប្រពៃណីដ៏សំបូរបែប និងមានឱជារស វប្បធម៌ និងទំនៀមទំលាប់ដ៏យូរលង់ និងសំបូរបែប រួមទាំងទំនាក់ទំនងការទូតជាង៣០ឆ្នាំកន្លងមក ហើយអ្វីដែលប្រជាជននិងរដ្ឋាភិបាលកាហ្សាក់ស្ថាននៅតែចងចាំ និងមិនអាចបំភ្លេចបាន គឺដំណើរទស្សនកិច្ចរបស់សមេ្តចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាអំឡុងឆ្នាំ១៩៨២។

ឯកឧត្តមអនុរដ្ឋមន្រី្ត បានធ្វើដំណើរពីរដ្ឋធានី Astana មកដល់ទីក្រុង Almaty តាំងពីព្រឹកព្រលឹម រង់ចាំទទួលស្វាគមន៏ដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមរដ្ឋមន្រ្តី និងបានឆ្លៀតពេលវេលាចំអិនម្ហូបជាច្រើន មុខត្រៀមទទួលឯកឧត្តមរដ្ឋមន្រ្តីដោយផ្ទាល់ដៃ តាមទំនៀមទំលាប់ប្រពៃណីបដិសណ្ឋារកិច្ចភ្ញៀវរបស់ប្រជាជនកាហ្សាក់ស្ថានពីដើមរៀងមក ៕

អត្ថបទដែលជាប់ទាក់ទង