កម្ពុជា-ចិន បើកសប្តាហ៍ភាពយន្តចិននៅកម្ពុជា ស្របដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដែលកម្មវិធីនេះឧបត្ថម្ភដោយ China Union Pay ។

សប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ចិន និងជាប្រធានក្រុមហ៊ុន China Media Group និងលោកស្រី Zhang Xuxia នាយិការងនៃបណ្ណសារភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងគណៈប្រតិភូភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា រដ្ឋបាលភាពយន្តចិន គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី និងបណ្ណសារភាពយន្តចិន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការគ្នារៀបចំព្រឹត្តិការណ៍សប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា ឱ្យលេចរូបរាងឡើងនាពេលនេះ ។ ជាពិសេសតាមប្រវត្តិសាស្រ្តកម្ពុជា បានបង្ហាញថា ប្រទេសចិន និងកម្ពុជា មានសម្ព័ន្ធភាពជាមួយគ្នាជាយូរអង្វែងមកហើយ ឧទាហរណ៍ ដូចជាកំណត់ត្រារបស់ លោក កាំង ថៃ និងលោក ជីវ តាក្វាន់ ដែលជារាជទូតចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា នាសម័យហ្វូណន និងសម័យអង្គរ ។

នាសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏មានចំណងមិត្តភាពយ៉ាងស្អិតរមួតជាមួយលោកប្រធាន ម៉ៅ, លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ ហើយចំណង ការទូតជាផ្លូវការរវាងប្រទេសទាំងពីរ បានកើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ។ រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន បានឈានចូលដល់ដំណាក់កាលគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធភាព។ ក្នុងអំឡុងពេលដែលពិភពលោករងគ្រោះដោយជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ភ្លាមៗ ដើម្បីសម្តែងនូវការព្រួយបារម្ភ និងលើកទឹកចិត្តដល់បងប្អូនប្រជាជនចិន ហើយត្រូវបានគេដាក់រហស្សនាមថា “បុរសសង្ហាដើរបញ្ច្រាសទិស”។

ជាមួយគ្នានោះ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន ក៏បានមានប្រសាសន៍ថា ការបំពេញទស្សនកិច្ចបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យឃើញពីអត្ថន័យស្នូលនៃសហគមន៍ រួមជោគវាសនាតែមួយ រវាងចិន និងកម្ពុជា ដែលមិនបោះបង់គ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំជំនាន់ក្រោយ ក៏នៅបន្តគាំទ្រយ៉ាងពេញទំហឹងក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា និងចិន ព្រមទាំង “យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន។ ក្នុងបណ្តាឆ្នាំថ្មីៗនេះ កម្ពុជា-ចិន បានសម្រេចរួមគ្នា គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ទៀតផង។

លោកជំទាវរដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែរីកចម្រើនទៅមុខ រឹងមាំជ្រាលជ្រៅខ្លាំងឡើងៗគួរជាទីមោទនៈ ហើយកិច្ចសហប្រតិបត្តិការនានារវាងភាគីយើងទាំងពីរ ក្នុងវិស័យវប្បធម៌ ក៏បានដើរតួនាទីយ៉ាងសកម្ម និងស្រួចស្រាល់ផងដែរ។ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងគណៈប្រតិភូកម្ពុជា និងចិន ការចូលរួមសកម្មភាពវប្បធម៌នានា ការចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរអភិរក្ស និងជួសជុលប្រាសាទ បុរាណកម្ពុជា ព្រមទាំងការចូលរួមគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិការអន្តរជាតិនានា ពិសេសវេទិកានៃកិច្ចប្រជុំអង្គការយូណេស្កូជាដើម។ ជាមួយនេះកិច្ចសហការក្នុងវិស័យភាពយន្តរវាងប្រទេសចិន និងកម្ពុជា ក៏បន្តពង្រឹងលើកកម្ពស់កាន់តែប្រសើរឡើងតាមរយៈគម្រោងសហប្រតិបត្តិការនានា ។

ជាមួយគ្នានោះដែរ លោកស្រី Zhang Xuxia បានលើកឡើងថា ប្រធានាធិបតី Xi Jinping និងមេដឹកនាំកម្ពុជា ការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗក៏បានទទួលលទ្ធផលជាផ្លែផ្កាផងដែរ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Xi Jinping មកកាន់ប្រទេសកម្ពុជាម្តងទៀតបន្ទាប់ពីរយៈពេល៩ឆ្នាំ យើងមានកិត្តិយសយ៉ាង ជ្រាលជ្រៅដែលមានរដ្ឋបាលភាពយន្តជាតិចិន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការភាពយន្ត រួមគ្នាធ្វើជាម្ចាស់ផ្ទះ “សប្តាហ៍ភាពយន្ត ចិន” ហើយមកទស្សនា និងផ្លាស់ប្តូរជាមួយឧស្សាហកម្មភាពយន្តកម្ពុជា។

កម្ពុជា ជាប្រទេសបុរាណមួយ ដែលមានប្រវត្តិ និងអរិយធម៌ដ៏យូរអង្វែង។ សម័យអង្គរពីសតវត្សទី៩ដល់សតវត្សទី១៤ ជាសម័យដ៏រុងរឿងបំផុត ក្នុង ប្រវត្តិសាស្ត្រខ្មែរ។ ដោយឈរលើមូលដ្ឋានទាំងនេះ ភាពយន្តខ្មែរ គឺពោរពេញដោយភាពទាក់ទាញនៃសិល្បៈជាមួយនឹងសាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍ ការបង្កើតតួអង្គដែលសម្បូរបែប និងមានលក្ខណៈវិមាត្រ៣(3D) និងមានភាសាដ៏រស់រវើកពោរពេញដោយភាពទាក់ទាញផ្នែកសិល្បៈ ហើយទេពកោសល្យភាពយន្តជាច្រើនបានលេចចេញមក។

ដូចប្រទេសកម្ពុជាដែរ ភាពយន្តមានប្រវត្តិយូរលង់ណាស់មកហើយនៅ ក្នុងប្រទេសចិន ហើយត្រូវបានប្រជាជនចូលចិត្តយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ ប្រទេសចិន ផលិតភាពយន្តប្រហែល៨០០រឿង ក្នុងមួយឆ្នាំ មានរោងកុន ជាង១៥០០០កន្លែង អេក្រង់ជាង៩០០០០ និងប្រាក់ចំណូលប្រចាំឆ្នាំ របស់ Box Office ខ្ពស់រហូតដល់៦៤,២ពាន់លានយន់ (ប្រហែល៩ពាន់ លានដុល្លារ) ដែលធ្វើឱ្យវាក្លាយជាទីផ្សារភាពយន្តធំទីពីររបស់ពិភពលោក។ យើងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបតិ្តការរវាងឧស្សាហកម្មនៃភាគីទាំងពីរ ដើម្បីឲ្យមានការនាំយកខ្សែភាពយន្តបន្ថែមទៀតទៅវិញទៅមករវាងប្រទេសទាំងពីរ និងស្វាគមន៍ភាពយន្តកម្ពុជាជាច្រើនទៀត ដែលត្រូវចាក់បញ្ចាំងនៅក្នុងប្រទេសចិន ៕

អត្ថបទដែលជាប់ទាក់ទង