កម្ពុជា ចិន ប្តេជ្ញាក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង
(ភ្នំពេញ)៖ កម្ពុជា និងចិន ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ពាណិជ្ជកម្ម និងវិនិយោគ ភាគីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គម ដ៏ឆ្នើមរបស់ប្រទេសចិន និងបានសាទរចំពោះការរីកចម្រើនឥតឈប់ឈររបស់ចិនឆ្ពោះទៅការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ និងប្រជាជាតិចិនដ៏ រុងរឿង ។
ភាគីចិន បានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ភាគីទាំងពីរ បានឯកភាពធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត ។
ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីកសាងច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកប ដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម ។
ភាគីចិន បានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមាមសមត្ថភាពកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។ លើសពីនេះ ភាគីចិន ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ។
ភាគីទាំងពីរ បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្តបន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការ វិនិយោគ និងការសម្របសម្រួល ។
ភាគីទាំងពីរបានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិត កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ៕