សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីលៀង​សាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តម Xi Jinping និងគណៈប្រតិភូ នៅ​ព្រះ​បរមរាជវាំង

(ភ្នំពេញ)៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នៅព្រះបរមរាជវាំង ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម Xi Jinping ​ប្រ​ធា​នា​ធិបតី​ នៃសាធារណរដ្ឋប្រជាមានិតចិន គឺតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន នឹងបានពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អ​ប្រសើរ​បន្ថែម​ទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យ​សំខាន់ៗ​ជាច្រើន រួមមានការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យ​កាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេស​ទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង