ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញបទល្មើសឆក់ទូរស័ព្ទ ៤ករណី
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយរកឃើញធ្លាប់ប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់ទូរសព្ទ័ដៃ៤ករណី) កន្លងមក។ ឃាត់ខ្លួនជនសង្ស័យម្នាក់ ហើយរកឃើញប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការ ប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃ៤ករណី) កន្លងមក គឺធ្វើឡើងដោយទទួលបានបទបញ្ជាដឹកនាំពីសំណាក់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ក្រោមការឯកភាពពីតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ។ ចំពោះការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ហើយរកឃើញធ្លាប់ប្រព្រឹត្តបទល្មើសឆក់់៤ករណីនេះដែរ គឺបានអនុវត្តឡើង ស្ថិតនៅចំណុចក្បែរហាងកាហ្វេមួយកន្លែង ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ វេលាម៉ោង១៧៖៣០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេ សុបញ្ញា ហៅកន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ហើយធ្វើការស្រាវជ្រាវសាកសួរយ៉ាង យកចិត្តទុកដាក់ គឺជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កន្លងមកធ្លាប់់បានប្រព្រឹត្តបទល្មើសឆក់៤ករណីមកហើយរួមមាន៖
*ករណីទី១៖ ប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១) ស្ថិតនៅចំណុចមុខផ្ទះលេខ១៩៣ ផ្លូវលេខ៣៨សេ ក្រុម៤ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៦៖០០នាទី ដោយជនរងគ្រោះ (មិនដាក់បណ្តឹង) និងមិនស្គាល់អត្តសញ្ញាណ ភេទស្រី ជនជាតិខ្មែរ។
*ករណីទី២៖ ប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកវីវ៉ូ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខA២៣ ផ្លូវព្រៃសរ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០៖០០នាទី ដោយជនរងគ្រោះ (មិនដាក់បណ្តឹង) និងមិនស្គាល់អត្តសញ្ញាណ ភេទស្រី ជនជាតិ ខ្មែរ។
*ករណីទី៣៖ ប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរស័ព្ទដៃម៉ាកអុបប៉ូ) ស្ថិតនៅចំណុចមុខហាងលក់រថយន្តប៊ីអេសប៊ី ផ្លូវលេខ៣៨សេ ក្រុម៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៩៖០០នាទី ដោយជនរងគ្រោះ (មិនដាក់បណ្តឹង) និងមិនស្គាល់អត្តសញ្ញាណ ភេទស្រី ជនជាតិ ខ្មែរ។
*ករណីទី៤៖ ប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកហូវៃ) ស្ថិតនៅចំណុចមុខផ្ទះលេខ១៦អា ផ្លូវលេខ២៧ស្ទួន ក្រុម៣ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅក្នុងខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៦៖០០នាទី ដោយជនរងគ្រោះ (មិនដាក់បណ្តឹង) និងមិនស្គាល់អត្តសញ្ញាណ ភេទស្រី ជនជាតិ ខ្មែរ។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៏នេះជាក់ស្ដែងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៣០នាទី កម្លាំងការិយាល័យ បានបន្តចេញល្បាតការពារសន្តិសុខ សុវត្ថិភាពនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញរហូតមកដល់ចំណុចហាងកាហ្វេមួយកន្លែង ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក៏បានឃើញឈ្មោះ ខេ សុបញ្ញា ហៅកន កំពុងអង្គុយ និងដោយមានការសង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើសកន្លងមក កម្លាំងសមត្ថកិច្ចក៏បានហៅធ្វើការត្រួតពិនិត្យ និងសាកសួរតាមជំនាញ ៕