បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿង បុករះសំយាបផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាត
ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ត្រង់ចំណុចមុខកាកបាទក្រហមកម្ពុជា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហាយឡេនឌ័រ ក្នុងល្បឿនលឿនដូចហោះ ខណៈបើកមកដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់បានជ្រុលទៅបុករះសំយាបផ្ទះប្រជាពលរដ្ឋនិងបង្គោលភ្លើងថ្មមួយដើមបាក់ជាពីរកំណាត់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខកល់ជាប់ទៅមុខលែងរួច តែសំណាងល្អអ្នកបើកបររងរបួសស្រាល។
មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2T-6544ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើជាផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះសំយាបផ្ទះប្រជាពលរដ្ឋរងការខូចខាតនិងបុកបង្គោលភ្លើងថ្មមួយដើមបាក់ជាពីរកំណាត់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខកល់ជាប់ទៅមុខលែងរួច។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឃាត់ខ្លួនតៃកុងរថយន្តបណ្ដោះអាសន្ន រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕