ជនសង្ស័យម្នាក់ដែលមានមុខនាទីជាមន្ត្រីសាលាក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ និងឈានដល់ការឃាត់ខ្លួន

ជនសង្ស័យម្នាក់ដែលមានមុខនាទីជាមន្ត្រីសាលាក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ និងឈានដល់ការឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថាជនសង្ស័យរូបនេះបានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងផ្ទះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិឬស្សីព្រះ ក្នុងភូមិសាស្ត្រស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ អ្នក ង៉ុយ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។

តាមចម្លើយរបស់ជនរងគ្រោះដែលបានប្តឹងទៅកម្លាំងសមត្ថកិច្ចអធិការស្រុកគាស់ក្រឡ បាននិយាយថា គាត់មិនបាន ស្គាល់មុខជនសង្ស័យទេ តែជននោះបានចូលលួចលុយនៅក្នុងផ្ទះគាត់យកអស់ចំនួន ៥០ម៉ឺនរៀល និងទូរស័ព្ទដៃចំនួន២គ្រឿង ក្រោយលួចបានលុយ និងទូរស័ព្ទ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីទទួលបានពាក្យបណ្ដឹងរួចមក សមត្ថកិច្ចមូលដ្ឋានបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះ ចាត បូរី ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជាមន្ត្រីសាលាក្រុងបាត់ដំបង និងមានទីលំនៅនៅភូមិ ព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ជុំវិញករណីចោរកម្មខាងលើ លោក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ មិនបានបញ្ជាក់លំអិតនោះទេ ព្រោះលោកបានបញ្ជូនជនសង្ស័យទៅឲ្យកម្លាំងជំនាញរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង