គណបក្សប្រជាជនកម្ពុជា ចាស់ទុំខាងនយោបាយ ដែល​ដឹកនាំ​ប្រទេសពីបាតដៃទទេ មករីកចម្រើនអភិវឌ្ឍន៍​គ្រប់វិស័យ

(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំ​ខាងនយោបាយតែមួយគត់ ដែលបានដឹកនាំប្រទេស ពីបាត​ដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាង ៤០ឆ្នាំ​កន្លងមកនេះហើយបានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងការពារសុខសន្តិភាព​រហូតដល់បច្ចុប្បន្ន។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគេណបក្សខុទ្ទកាល័យ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត និងជានាយករងខុទ្ទកាល័យ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាស​អញ្ជើញ​ជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស​ប្រជាជន​កម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក អ៊ុត វណ្ណរ៉ា ប្រធាន​គណបក្សស្រុកកំពង់ស្វាយរួចមក ឯកឧត្តម កិត្តិសង្គ​ហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធ​សភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់ បំផុត​ចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជា​មូល​ដ្ឋាន​​គ្រឹះ និងជាធាតុផ្សំមិន អាចខ្វះបាន សម្រាប់ការ​អភិវឌ្ឍ និងការធានាបាននូវសុខដុមនីយ កម្មជាតិសាសន៍ និង​សាសនា នៅកម្ពុជា។ ជាក់ស្តែង សុខសន្តិភាពនេះ បាន​អនុញ្ញាត​ឲ្យកម្ពុជារៀបចំនូវព្រឹត្តិការណ៍​អន្តរជាតិសំខាន់ៗ, ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និងការរៀបចំពិធីផ្សេងៗទៀត។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត​ ហ៊ីង ប៊ុនហៀង​ បាន​នាំយកអំណោយរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិ​ត សម្តេច​ធិបតី និងលោកជំទាវបណ្ឌិត ប្រគេនវត្តបិណ្តិយ៍ មាន​ទេយ្យ​ទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ។

ឯកឧត្តម បានឧបត្ថម្ភគណបក្សស្រុក កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ ១គ្រឿង ថវិកា២លានរៀល, ឧបត្ថម្ភអធិការដ្ឋាននគរបាលស្រុក កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ថវិកា២លានរៀល) ឧបត្ថម្ភ កងរាជអាវុធហត្ថស្រុក កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ថវិកា ១លានរៀល, ឧបត្ថម្ភផ្នែកសឹករងស្រុក កុំព្យូទ័រ១គ្រឿង ព្រីនធ័រ ១គ្រឿង ថវិកា៥០ម៉ឺនរៀល, ឧបត្ថម្ភឃុំទាំង១១ឃុំ ទូទាំងស្រុក ក្នុង១ឃុំ កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង, ឧបត្ថម្ភសាលារៀន ៩៤សាលាទូទាំងស្រុក ក្នុង១សាលារៀន កុំព្យូទ័រ១គ្រឿង ព្រីនធ័រ ១គ្រឿង, ឧបត្ថម្ភការិយាល័យអប់រំស្រុក កុំព្យូទ័រ ១គ្រឿង ព្រីនធ័រ១គ្រឿង ព្រមទាំងបានឧបត្ថម្ភដល់ គណៈ កម្មាធិការគណបក្សស្រុក និងសាខាចំណុះក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ទូទាំងស្រុក មានឃីត១កញ្ចប់ និងថវិកា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង