ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
ពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ បានឃាត់ខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះ រួចឃុំខ្លួនជាបណ្ដោះអាសន្ន។
ការចុះបង្ក្រាបនេះ មិនមែនជាលើកទី១ទេ កន្លងមកនៅខេត្តស្វាយរៀងធ្លាប់បានចុះបង្ក្រាប និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងសម្រស់ធារ៉ា ម្ដងរួចមកហើយ ប៉ុន្តែក្រុមហ៊ុននៅបន្ដចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ។
ជាក់ស្ដែង នៅខេត្តពោធិ៍សាត់ឯណោះវិញ ថ្មីៗនេះសមត្ថកិច្ចបានចុះបង្ក្រាប ជាមួយមន្ត្រីជំនាញ ហើយបានរកឃើញថា ផលិតផលទាំងនោះផលិតដោយគ្មានស្ដង់ដារបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
បច្ចុប្បន្នតំណាងអយ្យការអមសាលាដំបូងខេត្ដពោធិ៍សាត់ បានឃុំខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ជាបណ្ដោះអាសន្ន និងបន្ដចាត់ការតាមនីតិវិធីច្បាប់។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីសមត្ថកិច្ច និង មន្ត្រី ជំនាញ សុខាភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យ ទីតាំងស្តុកផលិតផលមួយចំនួនរបស់ក្រុមហ៊ុន សម្រស់ធារ៉ា ដោយការផលិតផលទាំងអស់នោះ សុទ្ធសឹងតែជាផលិតផល ដែលផលិត និង វេចខ្ចប់ដោយគ្មានច្បាប់អនុញ្ញាត។ កន្លងមកនេះ កម្លាំងសមត្ថកិច្ចនៅខេត្តពោធិ៍សាត់ក៏ធ្លាប់ចាប់និង អប់រំម្តងរួចមកហើយ មិនតែប៉ុណ្ណោះខាងក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាព ដដែល។
សមត្ថកិច្ច បានចុះឆែកឆេរ រកឃើញថា ក្រុមហ៊ុនសម្រស់ធារ៉ា នេះបានធ្វើការផលិតដោយដៃ ប្រើប្រាស់ម៉ាស៊ីនកិនទឹកក្រឡុក ប្រើប្រាស់នូវសារធាតុគីមី ផ្សេងៗតាមតែអំពើចិត្ត ធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនសម្រស់ធារ៉ានេះមិនបាន ឆ្លងកាត់ពីក្រសួងពាក់ព័ន្ធណាទាំងអស់ ដើម្បីលាយផលិតផល របស់ខ្លួន និង ធ្វើការវេចខ្ចប់បិតតែយីហោរបស់ខ្លួនលួចលាក់លក់ចែកចាយនៅលើបណ្ដាទីផ្សារតាមរាជធានី ខេត្ត បានយ៉ាងងាយស្រួលដោយមិនខ្លាច ញញើត ជាមួយសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធនោះឡើយ។
សមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីជំនាញបានផ្ដាំផ្ញើ ដល់បងប្អូនអាជីវករលក់គ្រឿងសំអាងទាំងអស់ សូមបញ្ឈប់ជាបន្ទាន់ ចំពោះការចែកចាយបន្តនូវផលិតផលទាំងឡាយ ណាដែលម្ចាស់ក្រុមហ៊ុនមិនបានបង្ហាញពីឯកសារផ្លូវច្បាប់គ្រប់គ្រាន់ កុំសហការណ៍លក់ ឬ ចែកចាយ ព្រោះសុទ្ធសឹង ជាបទល្មើស ក្នុងករណីមានការសង្ស័យ ឬ មិនមានភាពច្បាស់លាស់ បងប្អូនអាចរាយការណ៍មកកាន់សមត្ថកិច្ច ក៏ដូចជាមន្រ្តីជំនាញដើម្បីចុះត្រួតពិនិត្យ នេះជាការចូលរួម គោរពច្បាប់ និងលើកស្ទួយសុខុមាលភាពដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។
ករណីខាងលើបើតាមសមត្ថកិច្ចជំនាញផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានតុលាការខេត្តពោធិ៍សាត់ ចាប់ពីខេត្តកោះកុង តាមបណ្ដឹងពីជនរងគ្រោះ បញ្ជូនបន្តមកខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី លុះដល់ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បញ្ជូនចូលព័ន្ធនាគារខេត្តពោធិ៍សាត់ជាបណ្ដោះអាសន្នតែម្ដង៕