ក្រសួងអប់រំចេញសេចក្តីប្រកាស ពីការបន្តដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងការលុបចោលកម្មវិធីសិក្សាទំនើប

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថាក្នុងពេលថ្មីៗ នេះមានការ យល់ច្រឡំថា ក្រសួងនឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី។ ហេតុនេះ ក្រសួងបានបញ្ជាក់ថា ដោយមានការគាំទ្រពី រាជរដ្ឋាភិបាល ក្រសួងនឹងនៅតែបន្តអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនេះតទៅទៀត ហើយថែមទាំងបន្តវិនិយោគ បន្ថែមទៀត ដើម្បីឱ្យដំណើរការ ចំនួន ១៤ កន្លែង នៅទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ។

ក្រសួងបានបន្តឱ្យដឹងថាសាលារៀនជំនាន់ថ្មី គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និងផ្តល់ការអប់រំមាន គុណភាពខ្ពស់។

សាលារៀនជំនាន់ថ្មីផ្តោតលើការអនុវត្តកម្មវិធីសិក្សាពេញលេញ ផ្តល់ឱកាសសិក្សាពេញមួយថ្ងៃ អនុវត្តវិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរក ការដោះស្រាយបញ្ហា និងការសិក្សាតាមបែបគម្រោង កម្មវិធីបច្ចេកវិទ្យា ដែលបណ្តុះទាំងវិជ្ជាសម្បទា បំណិនសតវត្សទី២១ ជាពិសេសបំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនង លើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៌ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌ ដែលឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល។

យ៉ាងណាក្តី ក្រសួងអប់រំ យុវជន និងកីឡាក៏បានបញ្ជាក់ដែរថាក្រសួងនឹងលុបចោលនូវការអនុវត្ត «កម្មវិធីសិក្សាទំនើប» ដែល បានអនុវត្តដោយក្រុមហ៊ុនឯកជននៅតាមសាលាបឋមសិក្សា ចំនួន ១៨ មានសិស្ស ចំនួន ៤ ៣០០ នាក់ កំពុង សិក្សារៀនសូត្រ ក្នុងរូបភាពជាកិច្ចសហការរវាងផ្នែកឯកជនជាមួយនឹងសាលារៀនផ្ទាល់ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង។

កម្មវិធីនេះអនុវត្តខុសពីនីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងបង្កើតឱ្យមានការ រើសអើងរវាងសិស្ស ដែលកំពុងសិក្សាក្នុងថ្នាក់តែមួយ ដែលមានលទ្ធភាពបង់ប្រាក់ និងសិស្សដែលគ្មានលទ្ធភាព បង់ប្រាក់ ព្រមទាំងបង្កើតឱ្យមានស្តង់ដាពីរក្នុងសាលារៀនតែមួយ។

ដើម្បីបន្តផ្តល់ការអប់រំប្រកបដោយគុណភាពនៅតាមសាលាបឋមសិក្សាខាងលើ ក្រសួងកំពុងស្វែងរក ថវិកា ដើម្បីទទួលយក «កម្មវិធីសិក្សាទំនើប» និងផ្តល់ឱកាសដល់សិស្ស ១០០ ភាគរយ ក្នុងសាលាសិក្សារៀនសូត្រ តែម្តង៕

អត្ថបទដែលជាប់ទាក់ទង