ក្រសួងវប្បធម៌ ណែនាំឱ្យបញ្ឈប់ការតែងនិពន្ធខ្លឹមសារចម្រៀង ដែលមានអត្ថន័យប្រាសចាកក្រមសីលធម៌ និង ប៉ះពាល់សេចក្តីថ្លៃថ្នូរសង្គម

នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្តីណែនាំ ស្តីពីការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង និង សិល្បៈកម្សាន្តនានា ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌ និង ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គម។

ជាក់ស្ដែងថ្មីៗនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានសង្កេតឃើញថាមានអ្នកនិពន្ធ សិល្បករ សិល្បការិនី ជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការមួយគួរឱ្យគោរព និង កោតសរសើរជាខ្លាំង។ ជាមួយគ្នានេះ ក៏នៅមានអ្នកសិល្បៈ និង បុគ្គលដែលល្បីមួយចំនួន ក្នុងបណ្តាញសង្គមដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិ ពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ ។

ដូច្នេះហើយ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និង រក្សាបាននូវគុណតម្លៃសេចក្តីថ្លៃថ្នូរក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និង អ្នកដទៃ ក៏ដូចជាសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងបវិចិត្រសិល្បៈ បានធ្វើការណែនាំ ដល់អ្នកសិល្បៈ និង បុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ បញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និង ស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និង សូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។

ក្រសួងក៏បានអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុង បណ្តាញសង្គម សូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមាន ទាំងនោះក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង