យន្តហោះដឹកមនុស្ស ១០ នាក់មួយគ្រឿងកំពុងបាត់ខ្លួនរកដានមិនឃើញ ខណៈហោះហើរឆ្ពោះទៅកាន់ទីក្រុង Nome រដ្ឋ Alaska សហរដ្ឋអាមេរិក
យន្តហោះដឹកមនុស្ស ១០ នាក់មួយគ្រឿងកំពុងបាត់ខ្លួនរកដានមិនឃើញ ខណៈហោះហើរឆ្ពោះទៅកាន់ទីក្រុង Nome រដ្ឋ Alaska សហរដ្ឋអាមេរិក បណ្ដាលឱ្យខាងអាជ្ញាធរព្រួយបារម្ភស្វះស្វែងបើកប្រតិបត្តិការរុករកភ្លាមៗ។
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Bering Air ដឹកអ្នកដំណើរសរុប ៩ នាក់ និង ពីឡុតម្នាក់ បានហោះចេញពីទីក្រុង Unalakleet ឆ្ពោះទៅកាន់ទីក្រុង Nome។ យន្តហោះមួយគ្រឿងនេះដែរតាមឱ្យដឹងត្រូវចុះចតនៅវេលាម៉ោង ៤ ល្ងាចថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) ប៉ុន្តែដល់ពេលវេលាកំណត់គឺមិនបានឃើញយន្តហោះចុះចតដល់គោលដៅឡើយ ជាហេតុធ្វើឱ្យខាងមន្ត្រីប្រចាំតំបន់ចេញប្រតិបត្តិការជាបន្ទាន់ក្នុងការស្វែករកយន្តហោះដែលកំពុងបាត់ខ្លួននេះ។
ក្រុមស្វែងរក និង សង្គ្រោះពីកងទាហានរដ្ឋ Alaska និង ខាងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន កំពុងតែធ្វើការកំណត់ចំណុចចុងក្រោយដែលរកឃើញពីយន្តហោះមួយនោះ ហើយបើតាមនាយកដ្ឋានស្ម័គ្រចិត្តពន្លត់អគ្គិភ័យប្រចាំក្រុង Nome បានលើកឡើងថា យន្តហោះនោះអាចនឹងជួបនឹងអាកាសធាតុអាក្រក់ និង មានបញ្ហាពិបាកមើលគោលដៅលើអាកាស។ តាមការប្រកាសពីខាងនាយកដ្ឋានពន្លត់អគ្គិភ័យបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកបានរៀបរាប់ថា៖ «បច្ចុប្បន្នពួកយើងកំពុងធ្វើការយ៉ាងសកម្មក្នុងការរុករកនៅទីតាំងលើដីចាប់ពីទីក្រុង Nome និង ពី White Mountain ហើយនឹងធ្វើការ update ព័ត៌មានជុំវិញហេតុការណ៍នេះតាមដែលអាចធ្វើទៅបាន»។
ជាមួយគ្នានោះដែរ ខាងឆ្មាំសមុទ្រប្រចាំរដ្ឋ Alaska ក៏បានចូលរួមសហការក្នុងការរុករកយន្តហោះដែលកំពុងបាត់ខ្លួននេះផងដែរ។ ក្នុងពេលជាមួយគ្នានេះ ខាងមន្ត្រីផ្នែកពន្លត់អគ្គិភ័យក៏បានស្នើដល់បុគ្គលឯកជនមួយចំនួនកុំឱ្យប្រមូលគ្នាមកជួយរុករកយន្តហោះក្នុងពេលនេះ ដោយសារតែអាកាសធាតុអាក្រក់អាចកាន់តែនាំឱ្យមានមនុស្សបាត់ខ្លួនកាន់តែច្រើនថែមទៀត។ ខណៈខាងក្រុមជំនាញកំពុងដុតដៃដុតជើង ខាងក្រុមពេទ្យឯណោះវិញក៏កំពុងតែឈរជើងត្រៀមដើម្បីធ្វើការជួយសង្គ្រោះជនរងគ្រោះក្នុងករណីយន្តហោះរកឃើញថាបានធ្លាក់៕
ប្រភព៖ NyPost