អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បើកទទួលសាធារណជន

(ភ្នំពេញ)៖ នៅឆ្នាំ១៩៦៤ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានយាងជាផ្លូវការមកកាន់ភូមិអូរស្វាយ ហើយបានប្រមូលផ្តុំប្រជាជននៅក្នុងភូមិដ៏តូចមួយនេះ ដែលប្រកបទៅដោយភាពស្រស់ស្អាតស្ថិតនៅជាប់ដងទន្លេមេគង្គ។ ប៉ុន្មានឆ្នាំក្រោយមក ភូមិតូចមួយនេះ ស្ទើរតែបាត់បង់ទាំងស្រុងពីការចងចាំរបស់យើងក្នុងអំឡុងសង្គ្រាមវៀតណាម ហើយចាប់តាំងពីពេលនោះមក ស្ទើរតែត្រូវបានបំភ្លេចចោល។

នៅក្នុងឆ្នាំ ២០១៩  ដោយសារព្រះទ័យសប្បុរស និងគាំទ្ររបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ភូមិអូរស្វាយបានលេចត្រដែតឡើងវិញ ដោយមានការសាងសង់សាលារៀន មន្ទីរពេទ្យ និងបន្ទប់ទឹកសាធារណៈ។ ឆ្នាំនេះគឺឆ្នាំ២០២៤ ភូមិដ៏តូចនេះនឹងរំឭកឡើងវិញកាលពី៦០ឆ្នាំមុន នៃការយាងមកដល់របស់ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» មកកាន់ភូមិអូរស្វាយ (បច្ចុប្បន្នមានឈ្មោះថា ស្រុកបុរីអូរស្វាយ-សែនជ័យ) ហើយដែលមជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពបានចូលរួមចំណែកក្នុងការស្ដារមកវិញនូវមរតករបស់ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដោយបានសាងសង់ព្រះរាជដំណាក់តូច ជាបណ្ណាល័យ,សាងសង់កំពង់ផែជាច្រើន, ការរៀបចំឡើងវិញនូវដងទន្លេមេគង្គ និងការសាងសង់ទូកថ្មីជាច្រើនគ្រឿង ដែលទាំងអស់នេះគឺសម្រាប់ប្រើប្រាស់ជាសាធារណៈ។

គ្រឿងបរិក្ខារ និងមធ្យោបាយធ្វើដំណើរតាមទូកថ្មីមានសារសំខាន់ណាស់ក្នុងការពង្រឹងសហគមន៍ឡើងវិញដែលលាតសន្ធឹងក្នុងចំណោមកោះទាំង៦។ ប្រវត្តិ សាស្រ្ត បរិស្ថាន និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់បុរីអូរស្វាយ-សែនជ័យ គឺជាធនធានដែលមិនអាចកាត់ថ្លៃបានដែលត្រូវតែថែរក្សា  និងការពារសម្រាប់មនុស្សជំនាន់ក្រោយ។

អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាសាខាមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងចាប់ផ្តើមទទួលសាធារណជន អ្នកស្រាវជ្រាវចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ នៅថ្ងៃបើកទទួលសាធារណជននេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និង លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយ សែនជ័យ ដែរ។មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងចាប់ដំណើរការដំណាក់កាលបន្ទាប់នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅឆ្នាំ២០២៥ ដែលនឹងរួមបញ្ចូលក្នុងចំណោមសកម្មភាពជាច្រើនផ្សេងទៀត រួមមាន ការស្រាវជ្រាវប្រវត្តិសាស្រ្តរបស់សហគមន៍ សិល្បៈ ចម្លាក់ និងការកែលម្អបន្ថែមទៀតដល់ការិយាល័យ និងសហគមន៍ជុំវិញ។

ក្នុងអំឡុងរដូវរំហើយនេះ ទឹកទន្លេមេគង្គប្រែជាពណ៌លឿង ដោយសាររដូវប្រាំងកំពុងមកដល់ហើយ យើងនៅតែមានភាពភ្ញាក់ផ្អើលជាមួយនឹងពន្លឺដ៏ភ្លឺចែងចាំងដែលរេរាំលើផ្ទៃទឹកនៅពេលថ្ងៃរះ និងថ្ងៃលិចនៅក្នុងតំបន់បុរីអូរស្វាយ-សែនជ័យ (តំបន់នេះត្រូវបានការពារដោយអនុសញ្ញារ៉ាមសារ ដែលត្រូវ បាន កំណត់ ថា មាន សារសំខាន់ ជា អន្តរជាតិ ជាពិសេសជាជម្រកសត្វទឹក)។ ខ្សាច់ពណ៌សនៅលើកោះដែលមានឈ្មោះថា «កោះទន្សាយ» រួមទាំងសហគមន៍ជុំវិញនោះគឺអស្ចារ្យខ្លាំងណាស់ ហើយខ្យល់សម្រាប់រដូវកាលនេះហាក់ដូចជា ខ្យល់នៅលើកំពូលអគារ នានិទាឃរដូវក្រុងបារីស។

តំបន់នេះពិតជាពោរពេញដោយសម្រស់ធម្មជាតិ ភាពអស្ចារ្យ តម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ធំសម្បើម៕

អត្ថបទដែលជាប់ទាក់ទង