លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យរំលឹកគុណអង្គរ លើកទី៤
(សៀមរាប)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ លើកទី៤ នៅខាងមុខប្រាសាទអង្គវត្ត ដើម្បីដឹងគុណដល់ព្រលឹងបុព្វការីជន ជាពិសេសអបសាទរខួប ៣២ឆ្នាំ នៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៩២។
នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានថ្លែងថា ពិធីបុណ្យរំលឹកគុណអង្គរឆ្នាំនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិទៅលើថ្នាលសុខសន្តិភាពពេញលេញ នៃគោលនយោបាយឈ្នះឈ្នះ ប្រកបដោយកត្ដិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តនូវមកនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយភាពឈ្លាសវៃ និងពោរពេញដោយថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលរមែងចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ជាអាទិភាពចំបង តំណាងនូវដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ក៏ដូចជាការរួមចំណែកក្នុងសេដ្ឋកិច្ច ដែលនាំមកនូវការរីកចម្រើនប្រកបដោយចីរភាព សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំពិធីបុណ្យរំលឹកគុណនេះ បានបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រជាតិដ៏យូរលង់របស់ជាតិសាសនាខ្មែរ ដែលមានវ័យចំណាស់មួយនេះ។ ពិធីនេះ ក៏បានចូលរួមចំណែកផ្សព្វផ្សាយនូវសក្ដានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលអ្នកទេសចរអាចបន្ដមើលឃើញនូវសក្ខីកម្មនូវស្នាដៃដ៏អស្ចារ្យ របស់បុព្វបុរសខ្មែរប្រកបដោយទេព្យកោសល្យខ្ពស់។
លោកជំទាវបណ្ឌិត បានបន្តថា ប្រជាជនខ្មែរត្រូវភ្ញាក់រលឹករក្សាការពារទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ នៃប្រទេសជាតិឱ្យទៅកាន់ពិភពលោក ខណៈដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានបណ្ដុះនូវពាក្យស្លោក អរគុណសន្ដិភាព ដើម្បីបន្ដគាំទ្រដល់រដ្ឋធម្មនុញ្ញ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្ដិ។
លោកជំទាវបណ្ឌិត បានបន្តថា បច្ចុប្បន្នការអភិរក្ស និងអភិវឌ្ឍនៅក្នុងរមណីយដ្ឋានអង្គរ មានការផ្លាស់ប្ដូរប្រកបដោយសោភណ្ឌភាព ទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ និងត្រូវបានទទួលស្គាល់ពីសាធារណជន ជាពិសេសភ្ញៀវទេសចរអន្ដរជាតិ ដែលពួកគាត់ធ្លាប់បានទៅទស្សនាទឹកដីអង្គរកាលពីមុន។ លោកជំទាវ បានសម្ដែងការសរសើរ និងបានទទួលស្គាល់ពីភាពរីកចម្រើនដែលរមណីយដ្ឋានអង្គរ បានប្រែក្លាយជាវិជ្ជមាន។
លោកជំទាវបណ្ឌិត បានប្រកាសថា រមណីយដ្ឋានអង្គរ គឺជាសម្បត្ដិបេតិកភណ្ឌ នៃមនុស្សជាតិដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវប្ដូរផ្ដាច់រួបរួមគ្នារក្សាការពារទឹកដីកម្ពុជា ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឱ្យបានរីកចម្រើនលូតលាស់សម្បូររុងរឿង និងសន្ដិភាពជានិរន្ដរ៍៕