សម្ដេចតេជោ៖ កម្ពុជាជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាស ឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្ម ជាលក្ខណៈអន្តរជាតិ ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ

ភ្នំពេញ៖ ក្នុងថ្ងៃអបអរសាទរខួប ៦៩ឆ្នាំ ដែលកម្ពុជាចូល ជាសមាជិកអង្គការ សហប្រជាជាតិ (UN) ១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៤) សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្ម ជាលក្ខណៈអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិ ដែលធំជាងគេបំផុត ក្នុងពិភពលោក ត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាម លោកលើកទី២ ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

សម្ដេចបន្ថែមថា គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិ ក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀស មិនអោយមានសង្គ្រាមលោក។

សម្ដេចគួសបញ្ជាក់ថា «កម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្ម ជាលក្ខណៈអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ»

អត្ថបទដែលជាប់ទាក់ទង