នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកជិត ១ពាន់នាក់ បានចូលចតនៅខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៩៤៤នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។
របាយការណ៍បានឱ្យដឹងថា នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៩សញ្ជាតិ) ចំនួន៤០៤នាក់ (ស្រី១០៦) មានផ្ទុកភ្ញៀវទេសចរចំនួន ៥៤០នាក់ ស្រី២៦៧ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ៣៤សញ្ជាតិ។
របាយការណ៍ដដែលបានបន្តថា នាវាទេសចរណ៍មួយនេះនឹងចាកចេញពីខេត្តព្រះសីហនុ នាវេលាម៉ោង០៨យប់ ថ្ងៃទី១៣ ខែធ្នូនេះដដែល ដើម្បីបន្តឆ្ពោះទៅកម្សាន្តនៅប្រទេសវៀតណាម។
តាមរបាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង៥៤០នាក់ គឺមានជនជាតិអាមេរិកច្រើនជាងគេ ចំនួន ២១៨នាក់៕