លោក សាយ នឹងរៀបចំកម្មវិធីថ្មីមួយទៀតឈ្មោះថា «បេះដូងអច្ឆរិយ» ដែលខុសប្លែកពីសព្វមួយដង ដោយលើកនេះលោកនឹងមានការជិះកង់ ការរត់ និង ការហែលទឹកផងដែរ

ជាការពិតណាស់ កន្លងមកក្រៅពីសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈ មហាជនជាច្រើនច្បាស់ជាបានជ្រាបមកហើយពីភាពល្បីល្បាញរបស់តារាចម្រៀង Original Song លោក សាយ បន្ទាប់ពីលោកបានបង្កើតកម្មវិធី «Run With Sai» ដើម្បីស្វែករកថវិកាជួយដល់សង្គម។

តួយ៉ាង រយៈពេល ៤ ឆ្នាំ កន្លងទៅ ពោលគឺចាប់តាំងពីចុងឆ្នាំ ២០២០ រហូតដល់ចុងឆ្នាំ ២០២៤ នេះ លោក សាយ ស្ថាបនិកកម្មវិធី «Run With Sai» បានរៀបចំកម្មវិធីផ្ទាល់ខ្លួនជាច្រើន ដែលបានចូលរួមចំណែកជួយដល់សង្គមដូចជា ការជួយដល់មន្ទីរពេទ្យ សាលារៀន និង ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាទៀតផង។

យ៉ាងណាមិញ នៅចុងឆ្នាំ ២០២៤ នេះ លោក សាយ នឹងរៀបចំកម្មវិធីថ្មីមួយទៀតឈ្មោះថា «បេះដូងអច្ឆរិយ» ដែលខុសប្លែកពីសព្វមួយដង ដោយលើកនេះលោកនឹងមានការជិះកង់ ការរត់ និង ការហែលទឹកផងដែរ។ ក្នុងនោះ លោក សាយ នឹងជិះកង់ រត់ និង ហែលទឹក ជុំវិញបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេក្នុងអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លើសពីនោះ កម្មវិធីខាងលើនេះដែរ ក៏ជាកម្មវិធីអមព្រឹត្តិការណ៍ សាទរកម្ពុជា Celebrating Cambodia ក្នុងមោទនភាពជាតិ អត្តសញ្ញាណជាតិ និង ការរួបរួមក្រោមទង់ជាតិតែមួយ។

កម្មវិធី «បេះដូងអច្ឆរិយ» រៀបចំរយៈពេល ៩ ថ្ងៃ ដោយចាប់ផ្តើមចេញពី រាជធានីភ្នំពេញ ត្រង់ចំណុចមន្ទីរពេទ្យគន្ធបុប្ផាទី ៤ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ដោយធ្វើការជិះកង់ជុំវិញខេត្តជាប់បឹងទន្លេសាប និង មកដល់រាជធានីភ្នំពេញវិញនូវថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤។ ដំណើរនៃកម្មវិធីនេះ នឹងឆ្លងកាត់ខេត្តចំនួន ៦ ខេត្ត រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង ខេត្តកំពង់ធំ៕

 

អត្ថបទដែលជាប់ទាក់ទង