ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»។ ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយ​ប្រចាំ​ឆ្នាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផល​ដែលមានគុណភាព​ខ្ពស់របស់​កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្ម ដែលមានលក្ខណៈ​ពិ​សេស​របស់​បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។ បេសកកម្មចម្បង​របស់ CTE គឺជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និង​ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅ​ពី​មានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរ ក៏ជាវេទិកា​សម្រាប់ពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និង​ការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍​ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំង​ពី​ឆ្នាំ​២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។

ការផ្លាស់ប្ដូរ ឈ្មោះពិព័រណ៍ CIEGE ក្នុងគោលបំណងធ្វើឱ្យឈ្មោះ​ពិព័រណ៍​នេះកាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិត នៃឧត្តមភាព និង​ប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និង​ការយកចិត្តទុកដាក់លើ គុណភាពខ្ពស់ និងភាពសាមញ្ញ។ ជាមួយនឹង​ការ​បង្កើតកិត្តិនាមថ្មី និងកាន់តែទំនើប ក្រសួងពាណិជ្ជកម្មនឹងផ្សារ ភ្ជាប់ការ​តាំង​ពិព័រណ៍ថ្មីនេះ ជាមួយគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំ​នេះ​កាន់តែមានភាពរស់រវើក បង្ហាញលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្ត​សញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប ហើយតាមរយៈការតាំង បង្ហាញ ការតុបតែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ នឹងបង្កើននូវ​សោភ័ណ​ភាព​ដល់ការតាំងបង្ហាញរបស់ អាជីវករ និងអ្នកចូលរួមតាំងពិព័រណ៍។

ក្រសួងពាណិជ្ជកម្មមានសុទិដ្ឋិនិយម និងជឿជាក់ថា ពិព័រណ៍ CTE នៅ​ឆ្នាំនេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន ដែល​មិន​ត្រឹមតែសម្រាប់អ្នកទស្សនាដែលចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏សម្រាប់បណ្ដាដៃគូពាណិជ្ជកម្ម ដែលនឹងអាច​ទទួលបានលទ្ធផល​ជាទីគាប់​ចិត្តក្នុងការចូលរួមពិព័រណ៍នេះ តាមរយៈការភ្ជាប់ទំនាក់ទំនង​ជា​មួយ​ពាណិជ្ជករជាច្រើនដែលមកពីជុំវិញពិភពលោក។

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៤ នឹងដាក់តាំងបង្ហាញផលិត​ផល​ជាច្រើនរួមមាន ផលិតផល សម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផល​កម្មន្ត​សាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម ទន្ទឹម នេះក៏នឹងបង្ហាញពីឱកាសសម្រាប់ផលិតផលនាំចូលដែលគាំទ្រ និងជំរុញ​ដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជា។

ពិព័រណ៍នេះ ក៏ស្វែងរកឱកាសក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ​ជាមួយ​អ្នក​ចូលរួមពីអន្តរជាតិ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងបរិយាកាស​វិនិ​យោគ​របស់កម្ពុជាបន្ថែមទៀត។ តាមរយៈការបង្ហាញពីផលិតផល​សំខាន់ៗ​របស់កម្ពុជា ជូនដល់អ្នកទស្សនាជាតិ និងអន្តរជាតិ CTE នឹងចូលរួម​ចំណែក​ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេស​ដែល​មាន​ភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ។

មូលបទនៃពិព័រណ៍ឆ្នាំនេះ គឺ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» តំណាងឱ្យ​ការស្ដារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញ​ពីសករាជថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាព​ប្រកួតប្រជែង។ ពាក្យ «យុគសម័យថ្មី» ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និង​ប្រកបដោយថាមវន្តនៃបេសកកម្មពាណិជ្ជកម្មបច្ចុប្បន្ន និងបង្ហាញពីការ​ប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០។

មូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» គូសបញ្ជាក់យ៉ាង​ម៉ឺងម៉ាត់នូវ​គោល​ដៅអភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីរបស់កម្ពុជា និងការប្តេជ្ញាចិត្តក្នុងការ​ក្លាយ​ជាតួអង្គសំខាន់នៅក្នុងទីផ្សារពិភពលោក តាមរយៈការតាំងបង្ហាញផលិត​ផល​ដែលមានលក្ខណៈពិសេស ការបង្ហាញពីសមត្ថភាពផលិតកម្ម ទំនើប​កម្ម ការសម្រួលការនាំចេញ និងការប្រើប្រាស់បច្ចេកវិទ្យា​ទំនើប និងចុង​ក្រោយ បម្រើឱ្យ វិស័យពាណិជ្ជកម្ម។

ដោយមានភាពជាដៃគូជាមួយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម CTE ឆ្នាំ២០២៤នេះនឹងផ្សាភ្ជាប់ ទំនាក់ទំនងអ្នកផលិតក្នុង​ស្រុកជា​មួយ​អ្នកទិញ និងទីផ្សារអន្តរជាតិ ពង្រីកលទ្ធភាពក្នុងការទទួលបាន​ឱកាស​ថ្មីៗ និងពង្រឹងវត្តមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ គំនិតផ្តួចផ្តើមនេះ​នឹងបង្ហាញជូនពិភពលោកអំពីទំនិញដែល មានសក្កានុពលខ្ពស់ក្នុង​ការនាំ​ចេញ​របស់កម្ពុជា បង្កើនការយល់ដឹងលើឆាកអន្តរជាតិ និងបង្កើនតម្រូវ​ការ​សម្រាប់ ផលិតផលដែលផលិតក្នុងស្រុក។

«យុគសម័យថ្មីនៃពាណិជ្ជកម្ម» គឺជាការបកស្រាយបែបទស្សនវិស័យ និង​ការ​រួមបញ្ចូលគ្នានៃការប្ដេជ្ញាចិត្តក្នុងការពង្រឹងឧស្សាហកម្ម​ប្រពៃណី​ឡើង​វិញ បង្កើតឱកាសថ្មីនៃការនាំចេញ-នាំចូល និងបង្កើតបទពិសោធន៍ថ្មី នៃ​ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលផ្តោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូ។ គោលគំនិតស្នូលនៃការផ្លាស់ប្តូរនេះ គឺជាការអបអរសាទរ​បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងទស្សនវិស័យនៃការ​ច្នៃ​ប្រឌិតថ្មី ដែលដែលជាការកត់សម្គាល់នូវការងើបឡើងវិញរបស់កម្ពុជា ក្នុង​នាមជាតួអង្គប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចសកល
ក្រោយជំងឺរាតត្បាត។

ពិព័រណ៍ មានការរៀបចំស្តង់ពិព័រណ៍ចំនួន២៤៦ស្តង់ សម្រាប់​ពាណិជ្ជករ​ក្នុង​ស្រុកនិងអន្តរជាតិ។ ក្រុមហ៊ុន អ្នកចែកចាយ និងអ្នកតំណាងនៃវិស័យ​ឯកជន​ដែលចូលរួមជាអ្នកតាំងពិព័រណ៍ នឹងមានឱកាសតាំងបង្ហាញ​ផលិត​ផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ដើម្បីធ្វើឱ្យមានភាពសម្បូរបែប។

ព្រឹត្តិការណ៍ដ៏អស្ចារ្យរយៈពេល៤ ថ្ងៃនេះ និងកម្មវិធីអមនានា រំពឹងថា នឹង​ទទួល​អ្ន​កចូលរួមទស្សនាប្រមាណ ៥០,០០០នាក់ រួមមាន មន្ត្រីជាន់ខ្ពស់ន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកទស្សនាពាណិជ្ជកម្ម សាធារណជនទូទៅ និងជាពិសេសអ្នកទិញ និងអ្នកចែកចាយ មកពីសហគមន៍ធុរកិច្ចអន្តរជាតិ​សំខាន់ៗ៕

អត្ថបទដែលជាប់ទាក់ទង