ព័ត៌មានជាតិកម្ពុជា នឹងសម្របសម្រួល ជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគីយេ ក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន
ភ្នំពេញ៖ នៅចំពោះមុខលោក Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា កម្ពុជា នឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគីយេ ក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន។ការលើកឡើងនេះ ធ្វើឡើងពេលសម្ដេចជួបពិភាក្សាការងារ ជាមួយលោក Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះសម្តេចតេជោ បានអរគុណប្រធានសភាតួកគីយេ ដែលបានលើកសរសើរគុណសម្បត្តិដឹកនាំ របស់សម្តេចយ៉ាងខ្លាំង។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាថ្មី សម្តេចនឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីកម្ពុជាបន្តរក្សាបាន នូវសន្តិភាព និង ស្ថិរភាពយូរអង្វែង។
សម្តេចតេជោ បានអរគុណតួកគីយេ ផងដែរ ដែលបានបញ្ជូន អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍តួកគីយេ ទទួលបន្ទុកកិច្ចការបរទេស (AKP) ទៅចូលរួម មហាសន្និបាត ICAPP លើកទី១២ នៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា កន្លងទៅនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចជាអ្នកផ្តល់សន្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគីយេ។ នៅក្នុងពេលបំពេញទស្សនកិច្ចការងារ នៅតួកគីយេ ឆ្នាំ២០១៨ សម្តេចតេជោនិងប្រធានាធិបតី Erdoğan បានដាក់ផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក។
សន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ។ អាស្រ័យហេតុនេះ ទស្សនកិច្ចរបស់សម្តេចនិងកិច្ចប្រឹងប្រែងរួម របស់គណបក្សដឹកនាំប្រទេសទាំងពីរ នឹងជំរុញ ផែនការនេះឱ្យបានសម្រេច ដោយផ្តល់អាទិភាព លើកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
សម្តេចតេជោ និងប្រធានរដ្ឋសភាតួកគីយេ ក៏បានប្តូរយោបល់ និងទស្សនៈវិភាគលើបញ្ហាតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានាក្នុងសកលលោក។
សម្តេចតេជោ គាំទ្រតួនាទីសំខាន់របស់តួកគីយេ ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិ ហើយសម្តេច គូសបញ្ជាក់ថា “មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា”។ ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។
សម្តេចបានលើកទឹកចិត្ត ឱ្យតួកគីយេសម្លឹងបែរទៅទិសខាងកើត ពោលគឺទ្វីបអាស៊ី ហើយកម្ពុជានឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគីយេ ក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញ ប្រធានរដ្ឋសភាតួកគីយេ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។
ប្រធានរដ្ឋសភាតួកគីយេ បានវាយតម្លៃខ្ពស់ ចំពោះការលើកឡើងរបស់សម្តេចតេជោ ខាងលើ និង សូមអរគុណ និងទទួលដោយក្តីរីករាយ នូវការអញ្ជើញរបស់សម្តេចតេជោ និងរកពេលវេលាជាក់ស្តែង ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា៕