រដ្ឋមន្ដ្រី ឌិត ទីណា ណែនាំរដ្ឋបាលព្រៃឈើ ត្រូវពង្រឹងការងារឱ្យកាន់តែប្រសើរថែមទៀត
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំរដ្ឋបាលព្រៃឈើ ត្រូវពង្រឹងការងារឱ្យកាន់តែប្រសើថែមទៀត ដោយត្រូវមានភាពច្បាស់លាស់។
ការលើកឡើងរបស់ លោករដ្ឋមន្រ្តី នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារព្រៃឈើប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកត្តិយសក្នុងការចូលរួមពិធីនាថ្ងៃនេះ ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តការងារវិស័យព្រៃឈើឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
លើសពីនេះ លោករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋបាលព្រៃឈេីត្រូវពង្រឹងការងារឱ្យកាន់តែប្រសេីរថែមទៀត មានភាពច្បាស់លាស់ ធ្វើការតាមរយៈខ្សែបណ្តោយសហការជាមួយអជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត អនុវត្តការងារឱ្យមានភាពសកម្ម និងចំគោលដៅ។
ចំពោះមុខអង្គពិធី លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គប្រជុំត្រូវផ្តោតសំខាន់ទៅលេីប្រព័ន្ធហរិញ្ញវត្ថុសាធារណៈ ដោយគិតគូរពិនិត្យរួមគ្នាអំពីផែនការថវិកា ផែនការសមិទ្ធកម្ម និងសមិទ្ធផលនានាដែលសម្រេចបាន បញ្ហាប្រឈមនានា និងសូចនាកររំពឹងទុកដែលជាពិសោធន៍ពីឆ្នាំចាស់ សម្រាប់ឆ្នាំថ្មីខាងមុខនេះប្រកបដោយប្រសិទ្ធភាព និងមានមូលដ្ឋានច្បាស់លាស់។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់អំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រេី មានបាន និងមានរហូត ដែលរដ្ឋបាលព្រៃឈេីត្រូវស្វែងយល់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ និងគិតគូរស្របតាមគោលនយោបាយ មានតម្លៃបន្ថែមខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមាននិរន្តរភាពសម្រាប់វិស័យព្រៃឈើ និងសត្វព្រៃ៕