កម្ពុជា អំពាវនាវបណ្ដាប្រទេសនានា បន្ដសហការដោយស្មោះត្រង់ ក្នុងឆន្ទៈដោះស្រាយពិតប្រាកដ ដែលប៉ះពាល់សុវត្ថិភាពប្រជាជន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានអំពាវនាវបណ្ដាប្រទេសនានា បន្ដកិច្ចសហការ ដោយភាពស្មោះត្រង់ ក្នុងឆន្ទះដោះស្រាយពិតប្រាកដ ដែលប៉ះពាល់សុវត្ថិភាពប្រជាជន នៃប្រទេសនីមួយៗ ។
នាឱកាសអញ្ជើញចូលរួមក្នុងទិវាជាតិ ប្រឆាំងការជួញដូរមនុស្ស ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា ការយល់ឃើញមិនសមស្របគ្នា រវាងប្រទេសពាក់ព័ន្ធ ទៅនឹងបទល្មើស ការផ្សព្វផ្សាយ បំភ្លើសពីការពិត ឬការបញ្ចេញព័ត៌មាន ដោយមិនការគ្រប់គ្រងត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់ កត្តិយសរបស់កម្ពុជា តែក៏ជាការបង្កលក្ខណៈ ឱ្យជនល្មើស និងបណ្ដាញមានឱកាសរៀបចំ វិធីសាស្ដ្រគេចខ្លួនពីអន្ទាក់ របស់សមត្ថកិច្ច និងរិះរកវិធីសាស្ដ្រថ្មីៗ ដើម្បីប្រព្រឹត្តិបទល្មើសបន្ដទៀត ។
លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំអំពាវនាវដល់បណ្ដាប្រទេស ដែលមានការពាក់ព័ន្ធ សូមបន្ដកិច្ចសហការ ដោយភាពស្មោះត្រង់ ក្នុងឆន្ទះដោះស្រាយ ពិតប្រាកដ ដែលប៉ះពាល់សុវត្ថិភាពប្រជាជន នៃប្រទេសនីមួយៗ គប្បីពិនិត្យស្ថានភាព និងការវាយតម្លៃឡើងវិញ ឱ្យបានត្រឹមត្រូវ ហើយបន្ដសហការគ្នា ក្នុងការដោះស្រាយឱ្យបានល្អប្រសើរ ដោយមិនគ្រាន់តែផ្សព្វផ្សាយ ចោទប្រកាន់ដោយគ្មាន មូលដ្ឋានគ្រឹះត្រឹមត្រូវនោះទេ»។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា សូមកុំភ្លិចថា មេឧក្រិដ្ឋជន មានកលល្បិចខ្ពស់ ពិតជាមិនមានបង្ហាញវត្តមាន ឬមួយខ្លួននៅកម្ពុជា ដែលជាកន្លែងធ្វើសកម្មភាពបទល្មើសនោះទេ ពោលគឺឧក្រិដ្ឋជន និងបណ្ដាញមេខ្យល់ គឺសង្ងំខ្លួន នៅតាមបណ្ដាប្រទេសនានា។ បណ្ដាញឧក្រិដ្ឋជន មេខ្យល់ ដែលនាំមនុស្សមកប្រព្រឹត្តិបទល្មើស ឬរងគ្រោះនៅកម្ពុជា និងបណ្ដាញប្រទេសមួយចំនួនទៀត ក៏អាចកំពុងសង្ងំខ្លួនផងដែរ។
លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ដូច្នេះប្រទេសទាំងឡាយ ត្រូវបន្ដជួយគ្នា ក្នុងការបង្ការទប់ស្កាត់ស្វែង រកបណ្ដាញឧក្រិដ្ឋជន ក្នុងប្រទេសរបស់ខ្លួន ដើម្បីដាក់ទោសតាមច្បាប់ និងអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះកលល្បិច បទល្មើស និតិវិធីផ្សេងៗ ដើម្បីចូលរួមចំណែកបង្ការ ទប់ស្កាត់ទាំងអស់គ្នា៕