សម្តេចធិបតី៖ មានជនល្មើសភាគច្រើន ជាជនអន្តោប្រវេសន៍ បរទេសខុសច្បាប់ បន្លំខ្លួនចូលមកកម្ពុជា បង្កើតជាបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ជនល្មើសជាច្រើន​ដែលភាគច្រើន ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បានបន្លំខ្លួនចូលមកកម្ពុជា បង្កើតបានជាបទល្មើស យ៉ាងអនាធិបតេយ្យ​ ដោយបាននាំយកបច្ចេកទេសបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន មកសាបព្រួសលើទឹកដីកម្ពុជា និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមាន លើដំណើរការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់ក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។

នេះការគូសបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំង ដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល” នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្របកោះពេជ្រ ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា “កន្លងមក យើងបានឃើញហើយ ថាមានជនល្មើសជាច្រើន​ដែលភាគច្រើនជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បានបន្លំខ្លួន ចូលមកកម្ពុជា ដើម្បីសង្ងំលាក់ខ្លួន បង្កើតបានជា បទល្មើស យ៉ាងអនាធិបតេយ្យ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំយកបច្ចេកទេស បទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន មកសាបព្រួសលើទឹកដីកម្ពុជា ដោយទាញយកឱកាស នៃការអនុវត្តឱកាសសេដ្ឋកិច្ច ក្នុងដំណាក់កាលនៃការស្តារឡើងវិញ ក្រោយវិបត្តិកូរីដ១៩ បានបំផ្លាញសេចក្តីសុវត្ថិភាព ប្រជាពលរដ្ឋកម្ពុជា និងប្រជាជននៃបណ្តាប្រទេសនានា ដែលមកស្នាក់នៅនិងរកការងារនៅកម្ពុជា” ។

សម្តេចធិបតី បន្ថែមថា “សកម្មភាព នៃបទល្មើសឧក្រិដ្ឋទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ជាអវិជ្ជមានលើដំណើរ ការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយស របស់ព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរ” ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាខ្ពស់ប្រឆាំងដាច់ខាត ​រាល់ការប៉ុនប៉ងបង្កវិនាសកម្មនៅកម្ពុជា តាមគ្រប់រូបភាព”៕

អត្ថបទដែលជាប់ទាក់ទង