ករណីថ្មីមួយទៀតហើយនៅប្រទេសថៃ ដោយគេបានប្រទះឃើញមនុស្សចំនួន ៥ នាក់បានស្លាប់នៅក្នុងអាងត្រាំប្រហុក
នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ ថ្មីៗនេះ មានករណីថ្មីមួយទៀតហើយនៅប្រទេសថៃ ដោយគេបានប្រទះឃើញមនុស្សចំនួន ៥ នាក់បានស្លាប់នៅក្នុងអាងត្រាំប្រហុករបស់កន្លែងផលិតប្រហុកមួយកន្លែង ក្រោយពីមេការបានប្រើឱ្យចុះទៅលាងសម្អាតដើម្បីត្រៀមធ្វើប្រហុកថ្មី។
តាមព័ត៌មានបានឱ្យដឹងថា កន្លែងផលិតប្រហុកមួយនោះស្ថិតនៅក្នុងខេត្ត Phetchabun ជាកន្លែងផលិតធន់តូចមួយ ដែលមិនត្រូវតាមស្តង់ដាររបស់ក្រសួងឧស្សាហកម្មឡើយ ដោយមានកម្មករត្រឹមតែ ៦ នាក់ធ្វើការជាប្រចាំ និង មិនមានប្រើប្រាស់ឧបករណ៍អ្វីផ្សេងឡើយ។ តាមកម្មករម្នាក់វ័យ ៤៥ ឆ្នាំ បានរៀបរាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុខ្លួនជាមួយកម្មករម្នាក់ទៀតបានដឹកប្រហុកយកទៅឱ្យគេនៅខេត្ត Loei ចំណែកកម្មករផ្សេងៗទៀតដែលនៅសល់ក៏បាននាំគ្នាចុះទៅលាងអាងប្រហុក ដើម្បីត្រៀមធ្វើប្រហុកថ្មី។
លុះពេលត្រឡប់មកវិញ ក៏ឃើញកន្លែងមានសភាពស្ងាត់ឈឹង ទើបដើរទៅមើលនៅអាងប្រហុកនោះ ក៏ឃើញថាកម្មករទាំង ៤ នាក់ កំពុងតែដេកបាត់ស្មារតីនៅក្នុងអាងនោះ ដោយមានទាំងក្មួយរបស់ម្ចាស់ទីតាំងម្នាក់ទៀត សរុប ៥ នាក់ ទើបប្រញាប់ប្រញាល់ផ្តល់ដំណឹងដល់អាជ្ញាធរសមត្ថកិច្ច។
យ៉ាងណាមិញ កម្មករទាំង ៤ នាក់ រួមទាំងក្មួយរបស់ម្ចាស់ទីតាំងម្នាក់ទៀតនោះ ត្រូវបានលោក Sarnai Kongmuang ស្នងការនគរបាលខេត្ត Phetchabun បានឱ្យដឹងថា បានបាត់បង់ជីវិតទៅហើយ។ ចំណែកមូលហេតុស្លាប់វិញត្រូវបានគេសន្និដ្ឋានថា អាចបណ្តាលមកពីការប្រើប្រាស់សាប៊ូ ឬ ថ្នាំលាងដែលមានសារធាតុគីមីប្រតិកម្មជាមួយនឹងក្បាលត្រី ឬ ឆ្អឹងត្រីនៅក្នុងអាងនោះ ទើបបង្កឱ្យកើតទៅជាហ្គាស់ពុល ធ្វើឱ្យមនុស្សទាំង ៥ នាក់នោះពុលស្លាប់។
គួរឱ្យដឹងដែរថា ក្នុងចំណោមសពទាំង ៥ នាក់ មាន ៤ នាក់ជាកម្មករ និង ១ នាក់ទៀតដែលជាក្មួយរបស់ម្ចាស់ទីតាំអងផលិតនោះ ត្រូវគេជឿថារូបគេបានចុះទៅជួយកម្មករទាំង ៤ នាក់ បន្ទាប់ពីបានឃើញពួកគេបាត់បង់ស្មារតីភ្លាមៗក្នុងអាង តែជាអកុសលក៏ត្រូវពុលស្លាប់ជាមួយគ្នាតែម្តង៕
ប្រភព៖ Khaosod