សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​ផ្តល់អនុសាសន៍៨ចំណុច​ ជំរុញ​ឱ្យវិស័យសុខាភិបាលនៅកម្ពុជាកាន់តែល្អប្រសើរ​ និងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ​កាន់តែ​មានគុណភាព

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្តល់អនុសាសន៍ ៨ចំណុចដល់ ក្រសួងសុខាភិបាល​ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, គ្រឹះស្ថានបណ្តុះបណ្តាល វិទ្យាសាស្ត្រសុខាភិបាល ទាំងរដ្ឋ និងឯកជន ដើម្បីរួមចំណែកជំរុញឱ្យវិស័យសុខាភិបាលនៅកម្ពុជាកាន់តែល្អប្រសើរ​ ​ជាពិសេសធ្វើឱ្យការផ្តល់សេវាថែទាំ និងព្យាបាល អ្នកជំងឺ​កាន់តែគុណភាព និងប្រសិទ្ធភាពខ្ពស់​ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច​អញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤​នេះ។

​ក្នុងឱកាសនោះដែរសម្តេចធិបតី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និង មូលដ្ឋានសុខាភិបាល ព្រមទាំងបុគ្គលិក មន្ត្រីរាជការសុខាភិបាលទាំងអស់ ដែលបានយកអស់កម្លាំង កាយចិត្ត និងប្រាជ្ញាចូលរួមយ៉ាងអង់អាចក្លាហាន នាពេលកន្លងទៅក្នុងនាមជាកង ទ័ពអាវស ដើម្បីថែទាំ ព្យាបាល និងសង្គ្រោះអាយុជីវិតប្រជាជនទូទាំងប្រទេសបាន យ៉ាងល្អប្រសើរ ជាពិសេស បានចូលរួមប្រយុទ្ធលើសមរភូមិប្រឆាំងនឹងសត្រូវឥត ស្រមោលកូវីដ-១៩ ក៏ដូចជាការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជាគ្រប់រូប​។

ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល​ សម្តេច​បវរធិបតី ហ៊ុន ម៉ាណែតបាន​ផ្ដល់នូវទស្សនៈ និងអនុសាសន៍ បន្ថែមដល់ក្រសួងសុខាភិបាល, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, គ្រឹះស្ថានបណ្តុះបណ្តាល វិទ្យាសាស្ត្រសុខាភិបាល ទាំងរដ្ឋ និង ឯកជន ដូចខាងក្រោម៖

ទី១. ក្រសួងសុខាភិបាល និងវិស័យឯកជនក្នុងវិស័យសុខាភិបាល ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ តាមរយៈបន្តអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយឈរលើសមត្ថភាពស្នូលជាគោល​ និងផ្តោតការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស, ទាំងជំនាញរឹង និងជំនាញទន់, ជាពិសេសការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបម្រើសេវាជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ និងជាឯកជន។

ទី២. ក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យនិសិ្សត និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ឱ្យអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំតាមរយៈស្វ័យសិក្សា និងការសិក្សាស្រាវជ្រាវ ក៏ដូចជាការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្ដានុពលនិងផលិតភាព​ ព្រមទាំងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ការទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ដែលជាការរួមចំណែកដល់ការកសាងម៉ូឌែល កំណើនថ្មីនៅកម្ពុជា ដោយផ្អែកលើជំនាញ​ បច្ចេកវិទ្យា និងនវានុវត្តន៍។

ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងការអនុវត្តយន្តការតាមដាន និងការកែលម្អគុណភាពសេវា នៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការនៃការពេញចិត្តចំពោះសេវាសុខាភិបាលរបស់អ្នកជំងឺ ឬ អតិថិជន រៀបចំ និង អនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ចូលទាំងសកម្មភាពអភិបាលកិច្ចគ្លីនិក និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវាទៅដល់កម្រិតមួយដែលអ្នកជំងឺ និងប្រជាពលរដ្ឋទទួលយកបានដោយពេញចិត្ត ។ ទន្ទឹមនេះ, ត្រូវលើកកម្ពស់ភាពឆ្លើយតប និងគណនេយ្យភាព ក្នុងការផ្តល់សេវាថែទាំសុខភាពមានគុណភាពខ្ពស់ ដើម្បីរក្សាជំនឿទុកចិត្តរបស់អ្នកជំងឺ និងសាធារណជន​ តាមរយៈ ការអនុវត្តយន្តការ សម្រាប់ទទួលព័ត៌មានត្រឡប់ ឬ ការត្អូញត្អែររបស់អ្នកជំងឺ នៅមូលដ្ឋានសុខាភិបាល និងធ្វើការដោះស្រាយទាន់ពេល ត្រឹមត្រូវតាមស្មារតីវិជ្ជាជីវៈ។

ទី៤. ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងសាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សាជាអ្នកស្រាវជ្រាវ និងជាអ្នកបណ្ដុះនូវនវានុវត្តន៍ ដែលត្រូវខិតខំអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជាពិសេសសូមលើកទឹកចិត្តខ្ពស់ដល់សាស្ត្រាចារ្យ និង បុគ្គលិកសិក្សាឱ្យបន្តអភិវឌ្ឍ សមត្ថភាពជាប្រចាំ និងបង្កើនការស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពនៅក្នុងការបង្រៀន និង ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង ក្នុងការផ្ទេរ ចំណេះដឹងដល់និស្សិត និងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសុខាភិបាល របស់កម្ពុជា។

ទី៥. គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹង ការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និង លិខិត បទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងពិនិត្យកែសម្រួល ឬ បង្កើតថ្មីនូវលិខិតបទដ្ឋានគតិយុត្តឱ្យស្របតាមបច្ចុប្បន្នភាពនៃសភាពការសង្គម និងឌីជីថលភាវូបនីយកម្ម។ គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពបុគ្គល ដែលកំពុងអនុវត្តការងារនៅកម្ពុជាទៅតាមជំនាញ វិជ្ជាជីវៈសុខាភិបាលរៀងៗខ្លួន ក៏ដូចជាជំរុញការចុះបញ្ជីកា អ្នកវិជ្ជាជីវៈសុខាភិបាល ការស្នើ និងការបន្ដអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល, និងការសម្របសម្រួលលើកទឹកចិត្តឱ្យមានការ បន្តអភិវឌ្ឍវិជ្ជាជីវៈសុខាភិបាល​ ព្រមទាំងត្រូវរៀបចំផែនការ និង ចុះពិនិត្យសម្បទាក្នុងការប្រកប វិជ្ជាជីវៈសុខាភិបាលជាទៀងទាត់ និងត្រូវតាមដានជាប្រចាំនូវបាតុភាពវិជ្ជាជីវៈ និងឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព។

ទី៦. អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជីកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និង មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ សុខាភិបាលដែលមានសុពលភាព គោរពក្រមសីលធម៌វិជ្ជាជីវៈ បទដ្ឋានវិជ្ជាជីវៈ និង និយាមវិជ្ជាជីវៈ ព្រមទាំងអនុវត្តការងារក្នុងដែនកំណត់វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន និងចូលរួមអភិវឌ្ឍសមត្ថភាពជាប្រចាំ។ គ្រូពេទ្យ បុគ្គលិកបច្ចេកទេស ទាំងក្នុងផ្នែកសាធារណៈ និង ឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ​ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមត្រូវចំណាយខ្ពស់ ។ បន្ថែមលើនេះ​ ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបថ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្តអ្នកជំងឺ និងគ្រួសារឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល, ផ្តល់ចំណេះដឹង និងបទពិសោធអំពីការបង្ការបឋម, ការព្យាបាលបង្ការ, ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំ អ្នកជំងឺជាដើម ។

ទី៧. គ្រូពេទ្យ និង បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និង សេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ សុចរិតភាព និង សមធម៌, ដោយត្រូវធានាថាគ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង ឬ ត្រូវបានបដិសេធក្នុងការទទួលបានសេវាថែទាំព្យាបាល ដោយសារតែស្ថានភាពលក្ខណៈរបស់បុគ្គល គ្រួសារ ទំនៀមទម្លាប់ សាសនា ឬនិន្នាការនយោបាយឡើយ។
ទី៨. អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវា​សុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និងរបបបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈ ការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃបន្ទុកជំងឺ បញ្ហាសុខភាពជាអាទិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋ​៕

អត្ថបទដែលជាប់ទាក់ទង