អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យបញ្ឈប់សកម្មភាព ផ្សព្វផ្សាយល្បែងស៊ីសង ខុសច្បាប់នៅកំពង់ស្ពឺ
កំពង់ស្ពឺ ÷ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការ ឯកភាព ខេត្តមាន ប្រសាសន៍ថា” មន្ទីរព័ត៌មានខេត្ត ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងសូមឲ្យរដ្ឋបាលក្រុង ស្រុក ខេត្ត កងរាជវុធហត្ថ កងកម្លាំងស្នងការដ្ឋាន នគរបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ ឲ្យបានខ្ពស់ តាមប្រសាសន៍ ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការសម្រេចឲ្យបានជាដាច់ខាត ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នាពេលថ្មីៗនេះ ដែលក្រសួងមហាផ្ទៃបានសង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយ ល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋ ឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ។ នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួម ពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកា សង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យ សាធារណជនមាន ការភាន់ច្រឡំ ហើយបន្តចែក ចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
លោក បានបន្តទៀតថាដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុកកងកម្លាំងទាំងបី ត្រូវចូលរួមទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់ នូវរាល់ការ ផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទទោះល្បែងស៊ីសង លេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី ។
ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធ អនឡាញក្តី ។ ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ។ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួន ក្នុងការតាមដាន និង ហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ ព័ន្ធល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការ អប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យ យល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការ លេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល។