ក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប បើកកិច្ចប្រជុំពិភាក្សា ជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប បានដឹកនាំបើកកិច្ចប្រជុំក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដើម្បីពិភាក្សាជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧។
កិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ មានវត្តមានចូលរួមពីអនុប្រធាន និងសមាជិកនៃក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប រួមមានតំណាងនៃក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល សមាគមនិយោជក វិស័យឯកជន អ្នកបញ្ជាទិញ ដៃគូអភិវឌ្ឍន៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្ថាប័នអ្នកសិក្សាស្រាវជ្រាវ។
តាមរយៈកិច្ចប្រជុំនេះ លោក ហេង សួរ បានគូសបញ្ជាក់ពីវិធានការគោលនយោបាយចំនួន៥ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ រួមមាន៖
១៖ បន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជិត
២៖ បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខមាលភាពរបស់កម្មករនិយោជិត
៣៖ លើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេសក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់
៤៖ ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មគាំទ្រសម្រាប់បម្រើឱ្យវិស័យនេះ
៥៖ ជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងកាបូប។
ដើម្បីជំរុញឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ឱ្យមានប្រសិទ្ធភាព លោក ហេង សួរ ក៏បានបញ្ជាក់បន្ថែមអំពីតួនាទីដ៏មានសារសំខាន់នៃក្រុមការងារចំនួនពីរគឺ ទី១៖ ក្រុមការងារអន្តរស្ថាប័នទទួលបន្ទុកសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រ និងទី២៖ ក្រុមការងារប្រឹក្សាយោបល់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប។
ក្រុមការងារទាំង២នេះ ជាយន្តការដែលនឹងផ្តល់ជាធាតុចូលសម្រាប់ជំរុញការអនុវត្តលើវិធានការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនៃយុទ្ធសាស្ត្រវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០០២-២០២៧៕