លោក Assad និងក្រុមគ្រួសារ ទទួលបានសិទ្ធិជ្រកកោននៅរុស្ស៉ី ក្រោយភៀសខ្លួនចេញពីស៊ីរី
(Reuters)៖ អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៉ីយល់ព្រមផ្ដល់សិទ្ធិជ្រកកោនក្រោមហេតុផលមនុស្សធម៌ ហើយ កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពមូលដ្ឋានទ័ពរុស្ស៉ីនៅស៊ីរី។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាលោក Assad បានចាកចេញពីប្រទេសស៊ីរី និងបានចេញបញ្ជាឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី ក្រោយក្រុមឧទ្ទាមវាយលុកលឿន ដូចផ្លេកបន្ទោរចូលគ្រប់គ្រងរដ្ឋធានីដាម៉ាស ដោយប្រើពេលត្រឹម១១ថ្ងៃ ដើម្បីបិទបញ្ចប់របបដឹកនាំដោយគ្រួសារលោក Assad អស់រយៈពេលជាង៥០ឆ្នាំមកនេះ។ «ប្រធានាធិបតីស៊ីរី លោក Assad និងក្រុមគ្រួសារបានទៅដល់ទីក្រុងមូស្គូ ហើយរុស្ស៉ីបានយល់ព្រមផ្ដល់សិទ្ធិជ្រកកោនដល់ពួកគេក្រោមហេតុផលមនុស្សធម៌»។ នេះបើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សពផ្សាយរដ្ឋរុស្ស៉ី។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី មេដឹកនាំក្រុមឧទ្ទាមស៊ីរី បានយល់ព្រមផ្ដល់ការធានាសុវត្ថិភាពដល់មូលដ្ឋានទ័ព និងស្ថាប័នការទូតរបស់រុស្ស៉ីនៅស៊ីរី។ រុស្ស៉ីគឺជាអ្នកគាំទ្រដ៏សំខាន់សម្រាប់ របបដឹកនាំលោក Assad ចាប់តាំងពីឆ្នាំ២០១៥មក៕