កីឡាករអាមេរិក កាន់តែស្រលាញ់គុនខ្មែរ ក្រោយចូលរួមព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោក លើកទី៥ នៅសៀមរាប

(សៀមរាប)៖ កីឡាករគុនខ្មែរអាមេរិក Andrew Connor Arruda Livereira បានបង្ហាញនូវការស្រលាញ់ចូលចិត្តគុនខ្មែរយ៉ាងជ្រាលជ្រៅ បន្ទាប់ពីបានហ្វឹកហាត់ និងបានចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (The 5th World Kun Khmer Championship 2024) នៅខេត្តសៀមរាប។

ក្រោយទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងរបស់ខ្លួននារាត្រីថ្ងៃសៅរ៍ម្សិលមិញ កីឡាករអាមេរិកដដែល បានសម្ដែងការការសប្បាយរីករាយ បន្ទាប់ពីឃើញវត្តមានអ្នកគាំទ្រដ៏ច្រើនកុះករ ដោយរូបគេបានសង្កត់ធ្ងន់ថា បើធៀបនឹងការប្រកួតនៅអាមេរិក ពិតជាល្អខ្លាំងណាស់ ព្រោះអ្នកគាំទ្រកម្ពុជា បានបង្ហាញនូវការស្រលាញ់ និងរួសរាយរាក់ទាក់ជាខ្លាំងចំពោះរូបគេ។

Andrew បន្ថែមថា «គុនខ្មែរ គឺខ្លាំងជាងគេនៅលើពិភពលោក មូលហេតុដែលខ្ញុំគិតដូច្នេះព្រោះតែក្បាច់គុនមួយនេះ មានអាវុធចម្រុះច្របាច់បញ្ចូលគ្នា មិនថាដៃ កែង ជង្គង់ និងទាត់ជាដើម សុទ្ធតែអាចប្រើបាន ដែលធ្វើឲ្យការប្រកួតលើសង្វៀនមានលក្ខណៈពេញលេញ ។ រាល់ថ្ងៃខ្ញុំបានហ្វឹកហាត់ជាប្រចាំ តែខ្ញុំក៏ចង់មកកម្ពុជា ដើម្បីហ្វឹកហាត់បន្ថែមទៀត ព្រោះខ្ញុំពិតជាស្រលាញ់គុនខ្មែរខ្លាំងណាស់»

គួរដឹងថា កីឡាករអាមេរិក Andrew Connor Arruda Livereira គឺបានហ្វឹកហាត់ជាមួយក្លិប្រដាល់គុនខ្មែរ ដែលបង្កើតដោយកូនខ្មែរ-អាមេរិក សុង គីម ដែលជាកូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យក្បាច់គុនបុរាណខ្មែរ សេង ប៊ុនសុង ។ Andrew បានយកឈ្នះកីឡាករកម្ពុជា សេក គីមតុល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគុនខ្មែរជើងឯកពិភពលោក លើវិញ្ញាសាស្ម័គ្រចិត្ដបុរសទម្ងន់ ៧៥គីឡូក្រាម និងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 5th World Kun Khmer Championship 2024 ដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដោយមានអត្តពលិកជាង ១០០នាក់ មកពី ១៨ប្រទេសចូលរួមប្រកួត ដោយអនុវត្តតាមលក្ខណៈកីឡាអន្ដរជាតិ។ រយៈពេល ២ថ្ងៃកន្លងមក ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកគាំទ្រយ៉ាងច្រើនកុះករ ទាំងភ្ញៀវជាតិ និងអន្ដរជាតិ។ សម្រាប់ថ្ងៃចុងក្រោយនេះ ក៏នឹងមានការប្រកួតជាច្រើនគូរ និងមានកីឡាករឆ្នើមៗកម្ពុជាចូលរួមផងដែរ ពិសេសវត្តមានកីឡាករ ព្រំ សំណាង តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង