ឧត្តមសេនីយ៍ឯក លន់ សុផាត ដាក់ចេញវិធានការមួយចំនួនដល់កម្លាំងនគរបាលខេត្តក្រចេះ ដើម្បីអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គម

(ក្រចេះ)៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ ដោយមានការគាំទ្រ និងចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារទទួលខុសត្រូវ ដឹកនាំ ត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៃខេត្តក្រចេះ និងអ្នកពាក់ព័ន្ធបានចាត់តាំងអនុវត្តប្រកបដោយជោគជ័យគួរជាទីមោទនៈ និងបានកែលម្អផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាបន្តបន្ទាប់ ស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គម។

ថ្លែងបន្តនៅក្នុងពិធីបិទសន្និបាត បូកសរុបសភាពការណ៍ និងលទ្ឋផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤, លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញនូវគោលការណ៍ វិធានការសំខាន់មួយចំនួនដល់កងកម្លាំងនគរបាលខេត្តក្រចេះ ដើម្បីអនុវត្តទិសដៅការងារ។

ដោយក្នុងនោះរួមមាន៖ ត្រូវពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ប្រឆាំងដាច់ខាតរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈប្រជាពលរដ្ឋ, បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាព, ត្រូវយកចិត្តទុកដាក់លុបបំបាត់ឱ្យបាននូវល្បែងផ្សងសំណាងគ្រប់ ប្រភេទដែលគ្មានអាជ្ញាប័ណ្ណ ឬប្រើប្រាស់អាជ្ញាប័ណ្ណហួសពីដែនកំណត់, ត្រូវខិតខំលុបបំបាត់ការចែកចាយ ជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមសហគមន៍ តាមក្លឹបកម្សាន្ត ឬទីកន្លែងដែលមានហានិភ័យខ្ពស់, យកចិត្តទុកដាក់លុបបំបាត់សកម្មភាពក្មេងទំនើងក្នុងសង្គម ដោយជំរុញកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ការជួញដូរសារធាតុញៀនខុសច្បាប់ ការជួញដូរស្ត្រី និងកុមារ ការរត់ពន្ធឆ្លងដែនខុសច្បាប់ជាដើម។

ក្នុងបទអន្តរាគមរបស់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញរបស់យើងបង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀនបានចំនួន ១៦៣លើក លើ ១០៨លើក បើប្រៀបធៀបនឹងឆ្នាំ២០២៣ កើនឡើងចំនួន ៥៥លើក។ ក្នុងនោះចាប់យកវត្ថុតាង៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២,៣១៤.១៦ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY), កញ្ឆាក្រៀម, កញ្ឆាស្រស់, គ្រាប់ពូជ និងសម្ភារផ្សេងៗមួយចំនួនទៀត។ ហើយមុខសញ្ញា និងវត្ថុតាងទាំងអស់បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។ ចំពោះការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង បានចុះបង្ក្រាប ចំនួន ៤៤លើក ឃាត់ខ្លួន១៥៧នាក់ ស្រី ១នាក់។ ក្មេងទំនើងមាន ៣៧ករណី ធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទាំងនោះ ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ និងបានឱ្យអាណាព្យាបាលយកទៅអប់រំបន្តចំនួន ១២៣ នាក់/ស្រី ០១នាក់។ ចំណែកឯក្មេងទំនើងដែលពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ០៧លើក ឃាត់ខ្លួនចំនួន៣៤នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ លោក វ៉ា ថន អភិបាលក្រចេះ បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋានគរបាលខេត្តក្រចេះក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងបានល្អប្រសើរធ្វើឱ្យអត្រាបទល្មើសនានាមានការថយចុះគួរអោយកត់សម្គាល់៕

អត្ថបទដែលជាប់ទាក់ទង