ក្រោយចេញ MV «សែកមន្ត» កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវអ្នកគាំទ្រទទូចសុំឱ្យអាយដលពីមុនត្រឡប់មកវិញ

ពិតណាស់ មហាជនអ្នកគាំទ្ររបស់កំពូលតារាចម្រៀងប្រុស ឧកញ៉ា ព្រាប សុវត្ថិ បានចាប់អារម្មណ៍ជ្រាបខ្លះៗរួចមកហើយ ដោយកាលពីប៉ុន្មានថ្ងៃមុន លោកឧកញ៉ាបានបញ្ចេញស្នាដៃ MV បទចម្រៀងថ្មីមួយ ដើម្បីអបអរសាទរគម្រប់ខួប ៨ ឆ្នាំ «ចាប៉ីដងវែង» ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។

MV បទចម្រៀងថ្មីនេះ មានចំណងជើងថា «សែកមន្ត» ដែលជាស្នាដៃថ្មីរបស់កំពូលតារាចម្រៀងរូបនេះ និង មានការសម្ដែង MV ដោយផ្ទាល់ពីលោកឧកញ៉ា ដោយបានគ្រងឈុតសម្លៀកបំពាក់បុរាណ និង សម័យ ដែលសម្ដែងអមដោយអ្នកលេងចាប៉ីខ្មែរដងវែងជាង ១០០ ដើម ធ្វើការប្រគំបទភ្លេងបែបបុរាណលាយសម័យផងដែរ។

ក្រោយពី MV បទចម្រៀង «សែកមន្ត» របស់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ បញ្ចេញជាផ្លូវការប៉ុន្មានថ្ងៃនេះ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រជាច្រើនបានផ្ទុះការចាប់អារម្មណ៍ចែករំលែកខ្លាំងភ្ជាប់ជាមួយនឹងការបញ្ចេញមតិវែកញែករៀងៗខ្លួនទៅលើបទចម្រៀងនេះ។

លើសពីនេះ ស្របពេលបទចម្រៀង «សែកមន្ត» ផ្ទុះលើបណ្ដាញសង្គម មានទាំងមតិសរសើរពេញចិត្ត និង វែកញែកនេះដែរ ឃើញថារាល់វីដេអូនៃសកម្មភាពលើឆាកប្រគំតន្រ្តី និង វីដេអូផ្សេងៗដែលលោកឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះលើបណ្ដាញសង្គម ក៏កំពុងត្រូវបានមហាជនអ្នកគាំទ្រចូលបញ្ចេញមតិនិយាយទៅកាន់រូបលោកបន្តបន្ទាប់ ដោយបានឃើញមតិរបស់អ្នកគាំទ្រមួយចំនួនវែកញែកក្នុងន័យឱ្យលោកចេញបទចម្រៀងដូចស្ទីលរបស់លោកពីមុនៗវិញ រហូតឃើញអ្នកគាំទ្រប្រើពាក្យថា «សងអាយដលខ្ញុំមកវិញ» ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង