កម្ពុជារកបានចំណូលជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ នៅ១១ខែ ឆ្នាំ២០២៤
តាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថារយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។
នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ដោយឡែកចំណូលបានមកពីការលក់បណ្ណនៅប្រាសាទកោះកេរ សម្រាប់១១ខែ ឆ្នាំ២០២៤ មានចំនួន១៨ ៥៨១នាក់ ស្មើនឹង ២៧៨ ៧១៥ដុល្លារ។
សូមជម្រាបថា បច្ចុប្បន្នសម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ ដុល្លារមានសុពលភាព១០ថ្ងៃ និង ៧ថ្ងៃមានតម្លៃ ៧២ ដុល្លារ មានសុពលភាព៣០ថ្ងៃ៕
ប្រភព៖ ក្រសួងព័ត៌មាន
សេចក្តីប្រកាស