ប្ដីបាត់ពីផ្ទះជិត ១ ខែ ត្រលប់មកវិញជូនកាដូគ្រ-ា/ប់បែ.-កសល់ពីសង្គ្រាមឱ្យប្រពន្ធ ព្រោះរឿងប្រចណ្ឌ
នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានជូនព័ត៌មានពីករណីបុរសម្នាក់យកគ្រាប់បែកសល់ពីសង្រ្គាម មកគំរាមបោកសម្លាប់ប្រពន្ធ និង ក្រុមគ្រួសារឱ្យស្លាប់ ត្រូវសមត្ថកិច្ចនគរបាលបង្រ្កាប និង ឃាត់ខ្លួនបានភ្លាមៗ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ត្រង់ចំណុចភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ទាក់ទិនទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យបានដឹងថា សមត្ថកិច្ចទទួលបានព័ត៌មានតាមរយៈដើមបណ្ដឹងឈ្មោះ ផាត សុខលី ភេទស្រី អាយុ ២៤ ឆ្នាំ ជាប្រពន្ធរបស់ជនសង្ស័យ ឈ្មោះ ហួន ស្រស់ អាយុ ៣៣ ឆ្នាំ រស់នៅភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបានយកគ្រាប់បែកសល់ពីសម័យសង្រ្គាមពីការដ្ឋានសំណង់មួយកន្លែង មកគំរាមក្រុមគ្រួសារ និង ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបដកហូតវត្ថុតាងគ្រាប់បែកមួយគ្រាប់ យកមករក្សាទុកប្រគល់ជូនជំនាញស៊ីម៉ាក់បន្ដ។
ក្នុងនោះផងដែរ បើយោងតាមលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាក់ថា មូលហេតុនៃជម្លោះកើតឡើងដោយសាររឿងប្រចណ្ឌ កើតហេតុតាំងពីមុនថៃ្ងបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក មកម្ល៉េះ ហើយប្ដីបានចេញពីផ្ទះបាត់រហូតមកដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានយកកាដូគ្រាប់បែកមកគំរាមបោកសម្លាប់តែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងគ្រាប់បែក ទៅការិយាល័យ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ