នៅព្រឹកនេះ ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម។

ព្រះរាជទស្សនកិច្ច នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤របស់ព្រះអង្គធ្វើឡើង តបតាមការយាងរបស់ លោក លឿង គឿង ប្រធានាធិបតីវៀតណាម។

អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហា​មន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ លោក ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមា​ជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំង​តំណាងជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា។

ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែល​ស្របទៅនឹងស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិ​បត្តិ​ការ​គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែង រវាងប្រទេសទាំងពីរ។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់ប្រទេស​វៀត​ណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុង​ទំនាក់ទំនងដ៏យូរ​អង្វែង​របស់ប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែម​ទៀតនូវចំណងមិត្តភាពដ៏ ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផល​ប្រយោជន៍​រវាងប្រទេសទាំងពីរ។

ក្នុងសារលិខិតមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់បានមានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង