អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅហ្វីលីពីន លេបត្របាក់ផ្ទះពលរដ្ឋជាង ១ ពាន់ខ្នង
កាលពីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) មានអគ្គិភ័យមួយឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅនៅតំបន់ Isla Putting Bato តំបន់សំណង់អាណាធិបតេយ្យនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បណ្ដាលឱ្យផ្ទះប្រមាណជាង ១ ពាន់ខ្នងត្រូវភ្លើងលេបត្របាក់ខ្ទេចខ្ទី ខណៈពលរដ្ឋប្រមាណជា ២ ពាន់គ្រួសារត្រូវបាត់បង់ផ្ទះសម្បែងជ្រកកោន។
ក្នុងការពន្លត់អគ្គិភ័យនេះដែរ បានចំណាយឡានទឹកសរុបចំនួន ៣៦ គ្រឿង និង ទូកសង្គ្រោះចំនួន ៤ ខណៈខាងយោធាហ្វីលីពីនក៏បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន ២ គ្រឿងដើម្បីជាជំនួយបន្ថែមផងដែរ។ គួរឱ្យដឹងថា ផ្ទះជាច្រើនក្នុងសំណង់អាណាធិបតេយ្យខាងលើសាងសង់ឡើងពីសម្ភារងាយនឹងឆាបឆេះ បូករួមទាំងខ្យល់ខ្លាំងបោកបក់ពីសមុទ្រមកបន្ថែមទៀតរឹតតែធ្វើឱ្យភ្លើងរាលដាលឆាបឆេះកាន់តែលឿន។
ហេតុការណ៍អគ្គិភ័យនេះដែរ មិនមានរបាយការណ៍ណាបញ្ជាក់ថាមានអ្នកស្លាប់នោះឡើយ ប៉ុន្តែអ្នកពន្លត់អគ្គិភ័យមួយចំនួនបានរងរបួសតិចតួច។ ចំពោះពលរដ្ឋដែលខូចខាតផ្ទះសម្បែងវិញ ក៏ត្រូវបានខាងអាជ្ញាធរបញ្ជូនទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នផងដែរ៕