សម្តេចតេជោ ហ៊ុន សែន បន្តប្រគល់ថវិកាជូនគ្រួសារដែលមានសមាជិកទទួលមរណភាព ២១គ្រួសារ ក្នុងស្រុកមុខកំពូល
កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច បានបន្តចាត់ក្រុមការងារនាំយកថវិការបស់សម្តេច ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលមានសមាជិកទទួលមរណភាពចំនួន ២១គ្រួសារ នៅក្នុងឃុំរកាកោងទី២ និងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន TSK TV News នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក លឹម លីន ជំនួយការផ្ទាល់របស់លោក ហាស់ វ៉ារី បានឱ្យដឹងថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហាស់ វ៉ារី តែងតែបានប្រគល់ជូនថវិកាជូនគ្រួសារដែលមានសមាជិកទទួលមរណជាបន្តបន្ទាប់ជាច្រើនគ្រួសារណាស់មកហើយ នៅក្នុងឃុំ រកាកោងទី2 និងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។
លោក លឹម លីន បានបន្ថែមថា លោក ហាស់ វ៉ារី ក្រៅពីការជួយដល់សមាជិកគ្រួសារ ដែលមានសមាជិកទទួលមរណភាពហើយនោះ លោកក៏តែងតែបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចុះប្រគល់ដល់គ្រួសារដែលមានជីវភាពក្រីក្រក្នុងមូលដ្ឋាន ឃុំរកាកោងទី២ មានដូចជា៖ អង្គរ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ ទឹកដោះគោ តែ ថវិកា និងសម្ភារផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។
លោក លឹម លីន បញ្ជាក់ទៀតថា បន្ថែមពីនេះលោក ហាស់ វ៉ារី ក៏បានរៀបចំជាកន្លែង «មណ្ឌលឆដ្ឋ បូជនីយដ្ឋាន» នៅក្នុងឃុំរកាកោងទី២នេះ ដើម្បីទុកជាទីកន្លែងសម្រាប់លោកតា លោកយាយ ធ្វើបតិបត្តិសមាទានធុតង្គ និងសមាធិវិបស្សនា ដើម្បីទទួលបាននូវពុទ្ធិ និងចំណេះដឹងបន្ថែមទៀតក្នុងការពង្រឹងបញ្ញា ស្មារតី និងការអប់រំផ្លូវចិត្តតាមធម៌វិន័យ។ អ្វីដែលពិសេសជាងនេះទៀតនោះគឺសម្រាប់ផ្តល់ជាទីតាំង ក្នុងការរៀបចំបញ្ចុះសពបងប្អូនដែលមានជីវភាពខ្វះខាតផងដែរ។
ជាមួយគ្នានោះពាក់ព័ន្ធនឹងអំណោយដែលបានប្រគល់ជូនគ្រួសារមានសមាជិកទទួលមរណភាពនោះ លោក លឹម លីន បានបញ្ជាក់ដែរថា កន្លងមកឱ្យតែមានប្រជាពលរដ្ឋទទួលមរណៈភាព សម្ដេចទាំងទ្វេ តែងតែបានចូលរួមរំលែកទុក្ខក្នុងមួយគ្រួសារសពនូវថវិកាចំនួន ១៥០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខដែលមានក្រុមការងាររបស់លោក ហាស់ វ៉ារី ដើម្បីនាំយកថវិការបស់សម្ដេចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។
គួរបញ្ជាក់ថាក្នុងចំណោមគ្រួសារសពទាំង ២១គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានថវិកា ១៥០,០០០រៀល និងមាន ២គ្រួសារ បានទទួលការឧបត្ដម្ភក្តាមឈូមមួយបន្ថែមទៀតក្នុងតម្លៃ ២៥០,០០០រៀល សរុបអស់ថវិកា ៣,៦៥០,០០០រៀល។
នាឱកាសនោះដែរក្រុមគ្រួសារនៃសពទាំង ១៨គ្រួសារ បានគោរពជូនពរសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការ និងសូមគោរពជូនពរលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច និងលោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់សូមជួបតែសេក្ដីសុខនិងសេចក្ដីចម្រើនផងដែរ៕