ប្រធានអង្គការអ្នកប្រជាធិបតេយ្យ​និយមកណ្តាលអន្តរជាតិ៖ សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណ​បក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត នៃសន្និសីទអន្តរជាតិ​នៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ បានអនុញ្ញាតឱ្យលោក Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC (អតីតប្រធានាធិបតីកូឡុំប៊ី) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ ។

ក្នុងជំនួបនោះ លោកប្រធានអង្គការ IDC-CDI បានសម្តែងក្តីរីករាយ និងថ្លែងអំណរ​គុណចំពោះសម្តេចតេជោ ដែលតែងតែផ្តល់កិត្តិយស និងពេលវេលាដ៏មាន​តម្លៃទ​ទួល​ជួបរូបលោក និងគណៈប្រតិភូគ្រប់ពេលមកចូលរួមប្រជុំ និងធ្វើទស្សនកិច្ចនៅកម្ពុជា។

លោកប្រធាន បានបន្តថា កិច្ចប្រជុំ CDI នៅខេត្តសៀមរាប ដែលទើបតែបញ្ចប់ទៅនេះ ពិតជាទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កាល្អបំផុត។ ជាមួយគ្នានោះ លោក​ប្រធាន និងគណៈប្រតិភូ ក៏បានទៅទស្សនាពិធីបុណ្យអុំទូក នៅខេត្តសៀមរាបផងដែរ ដែលព្រឹត្តិការណ៍នេះ គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់រូបលោក និងគណៈប្រតិភូ។

លោកប្រធាន ក៏បានរំលឹកពីដំណើរទស្សនកិច្ចនាពេលកន្លងមក ដែលលោក បានមក​ទស្សនា​ប្រទេសកម្ពុជា ពោលគឺចាប់តាំងពីឆ្នាំ២០០៨ មានដូចជាកិច្ចប្រជុំ CDI ICAPP និងបេសកកម្មជាអ្នកសង្កេតការណ៍បោះឆ្នោត ព្រមទាំងកម្មវិធីសម្ពោធក្រុម​ប្រឹក្សាវប្បធម៌អាស៊ី ដែលធ្វើឡើងនៅខាងមុខទីលានជល់ដំរី នៅខេត្តសៀមរាប។

លោកប្រធាន ក៏បានលើកឡើងពីប្រវត្តិជូរចត់ដូចគ្នារវាងកូឡុំប៊ី និងកម្ពុជា ដែលបានរង​គ្រោះដោយសារសង្គ្រាម និងការបែកបាក់ ជាពិសេសក្នុងអំឡុងពេល​នៃការបះបោរ​របស់ពួកជ្រុលនិយម Marxist Guerilla ដែលមានរយៈពេលជាង ៥០ឆ្នាំមុន។

លោកប្រធាន បានគូសបញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបានសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា ពិតជា​មាន​តម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោកមកសិក្សាស្វែងយល់ និងដកបទពិសោធន៍។

លោកប្រធាន បានបន្តថា លោកពិតជាពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះ​បទអត្ថា​ធិប្បាយ​របស់សម្តេចតេជោ នៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចតេជោ បានមានប្រសាសន៍ថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិ​ភាព​នោះទេ ហើយស្តង់ដារដែលមានសម្រាប់ពិភពលោក គឺមានតែក្នុងវិស័យ​កីឡា​ប៉ុណ្ណោះ ដែលគេប្រើស្តង់ដាររួមមួយ»។

លោកប្រធាន ក៏បានឯកភាពថា មានតែភាពម្ចាស់ការនៃប្រទេសនីមួយៗប៉ុណ្ណោះ ដែល​អាច​បង្កើត​វិធី​សាស្រ្ត ឬស្តង់ដារក្នុងការកសាងសន្តិភាពឱ្យប្រទេសខ្លួនឯង។

លោកប្រធាន ក៏បានរំលឹកជូនសម្តេចតេជោ ពីប្រវត្តិស្វែងរកសន្តិភាពនៅ​ពេលលោកនៅ​ជាបេក្ខជន​នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងក្រោយមកក្លាយជាប្រធានា​ធិប​តី​​សម្រាប់ប្រទេសកូឡុំប៊ី នៅទសវត្សរ៍ឆ្នាំ១៩៩០។

លោកប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានបន្តថា ប្រទេស​កម្ពុជា គឺជាប្រទេសគំរូសម្រាប់ប្រទេសកូឡុំប៊ី និងដោយផ្អែកតាមបទពិសោធន៍នេះ លោកបានព្យាយាមចរចាជាមួយគ្រប់បណ្តាគណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាលទ្ធផលនាពេលនេះប្រទេសកូឡុំប៊ី បានក្លាយជាប្រទេសគំរូមួយផងដែរ សម្រាប់​ការផ្សះផ្សាដើម្បីសន្តិភាព។

លោកប្រធាន បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ដែលទទួលបានជោគជ័យ រហូតមានការអភិវឌ្ឍដូច​សព្វថ្ងៃ និងទទួលបានឯកភាពជាតិទាំងស្រុង។

ក្នុងឱកាសនោះ លោកស្រីប្រធានអង្គការ COPPAL ដែលជាដៃគូរបស់ CDI បាន​ជម្រាប​សម្តេចតេជោថា នេះជាលើកទីមួយ ដែលលោកស្រីបានមកទស្សនា​ប្រទេស​កម្ពុជា ហើយក្រោយពីបានទៅទស្សនានៅសារមន្ទីរគុកទួលស្លែង លោកស្រី ពិតជាមាន​អារម្មណ៍សោកសង្រេង និងតក់ស្លុតយ៉ាងខ្លាំង។ លោកស្រី បានបន្តទៀតថា ក្នុងនាមជា​ប្រធាន COPPAL តំណាងឱ្យគណបក្សនយោបាយចំនួន ៧៣គណបក្ស លោកស្រី​ប្តេជ្ញា គាំទ្ររាល់បណ្តាគំនិតផ្តួចផ្តើមរបស់គណបក្សប្រជាជនកម្ពុជា អំពីបេសកកម្ម​ដើម្បី​សន្តិភាព និងការផ្សះផ្សា ហើយនៅក្នុងអាណត្តិនេះ លោកស្រី ក្នុងនាមជាប្រធាន គាំទ្រវីរ​ភាព​ដឹកនាំ ទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងក្នុងតំបន់ និងសូមកោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់ ដែលសម្តេចតេជោ​បានធ្វើ និងបូជាជូនប្រទេសកម្ពុជា។

សម្ដេចតេជោ បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក Andres Pastrana ប្រធាន IDC-CDI និងគណៈប្រតិភូ COPPAL ដែលបាន​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំសំខាន់ៗក្នុងពេលនេះ។

សម្តេចតេជោ បានមានប្រសាសន៍ថាការអញ្ជើញចូលរួមកម្មវិធីជាច្រើនកន្លងមក និង​ការអញ្ជើញមកទស្សនាប្រទេសកម្ពុជាច្រើនលើករបស់លោកប្រធាន គឺជាការផ្តល់​កិត្តិ​យស និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់លោក ចំពោះប្រទេសកម្ពុជា។

សម្តេចតេជោ ក៏បានសម្តែងការអបអរសាទរចំពោះលទ្ធផលដ៏ជោគជ័យនៃកិច្ចប្រជុំ IDC-CDI នៅខេត្តសៀមរាប ដែលទើបបានបញ្ចប់ និងមានសេចក្តីសោមនស្សរីករាយ ដែលលោកប្រធាន រួមជាមួយគណៈប្រតិភូ បន្តចូលរួមមហាសន្និបាតនៃបណ្តាគណ​បក្ស​នយោបាយនៅអាស៊ី លើកទី១២ ហៅកាត់ថា ICAPP ដែលគណបក្សប្រជាជនកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញបន្តទៀត។

សម្តេចតេជោ បានបន្តថា ការចូលរួមក្នុងបណ្តាកិច្ចប្រជុំនេះ គឺមានសារៈសំខាន់ខ្លាំង​ណាស់​នាពេលបច្ចុប្បន្ន នៅពេលពិភពលោកមានការវិវត្តយ៉ាងឆាប់រហ័ស ប្រកបដោយ​ភាពគ្រោះថ្នាក់ ស្មុគ្រស្មាញ និងមិនអាចប៉ាន់ស្មានបាន ដែលតម្រូវឱ្យគណបក្សនយោ​បាយមកពីគ្រប់តំបន់ ចាំបាច់ត្រូវជួបពិភាក្សាគ្នា ស្វែងរកវិធីសាស្រ្ត ដែលអាចជួយនាំ​សន្តិភាព​ត្រឡប់​មករកពិភពលោក។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏មានតម្លៃ និង​ការគាំទ្រស្មារតី និងសកម្មភាពរបស់ប្រទេសកម្ពុជាក្នុងបេសកកម្មដើម្បីសន្តិភាព និងការ​ផ្សះផ្សា សម្រាប់ប្រទេសកម្ពុជាផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូល។ សម្តេចតេជោ បានបន្ថែមថា កម្ពុជាមិនអាចឱ្យបរទេសណា មកកាន់ជោគវាសនារបស់ប្រទេសខ្លួន​បាន​ឡើយ ហើយប្រសិនបើសង្គ្រាមផ្ទុះឡើងសាជាថ្មី មិនអាចមាន ហ៊ុន សែន លើកទីពីរ មក​បញ្ចប់សង្គ្រាមបាននោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះ គ្មានទេស្តង់ដារ​ សម្រាប់ការស្វែងរកសន្តិភាព ហើយស្តង់ដារមានតែនៅក្នុងវិស័យកីឡាប៉ុណ្ណោះ។ សម្តេចបន្ថែមថា យុត្តិ​ធម៌​ពិតប្រាកដ គឺជាយុត្តិធម៌ដែលមនុស្សគ្រប់រូប អាចទទួលយក​បាន ហើយនេះ គឺជាចំណុចសំខាន់ដែលបណ្តាគណបក្សនយោបាយគួរគិតគូរ៕

អត្ថបទដែលជាប់ទាក់ទង