អ្នកមានប័ណ្ណ ប.ស.ស ឱ្យតែមានលក្ខខណ្ឌ ៣ យ៉ាងនេះ មានសិទ្ធិទទួលបានប្រាក់រ៉ឺត្រែត ឬ ប្រាក់ចូលនិវត្តន៍ហើយ
នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចែករំលែកចំណេះដឹង អំពីឯកសារភ្ជាប់ដើម្បីស្នើសុំប្រាក់សោធនជរាភាព និង លក្ខខណ្ឌកំណត់មួយចំនួន ចំពោះអ្នកដែលជាសមាជិក ប.ស.ស។
ក្នុងនោះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យបានដឹងថា សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬ ប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖
១. បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
២. បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ ខែ
៣. មានអាយុយ៉ាងតិច ៦០ ឆ្នាំ
បន្ទាប់ពីបំពេញលក្ខខណ្ឌកំណត់រួចហើយ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗដូចខាងក្រោម៖
១. ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬ លិខិតឆ្លងដែន (ជនបរទេស)
៣. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និង សេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន (បើមាន)
៤. លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬ លេខគណនីធនាគារកាណាឌីយ៉ា៕