ចាប់ពីថ្ងៃនេះ កម្ពុជា ទទួលឥទ្ធិពលព្យុះទី ២១ ឈ្មោះ «កង្រី» អាចមានភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ៤

នៅព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាឱ្យបានដឹងថា ព្យុះទី ២១ ឈ្មោះកង្រី (Kong-rey) នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និង គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖

១. តំបន់វាលទំនាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និង បូព៌ មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និង បូព៌ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។

៣.តំបន់មាត់សមុទ្រ

– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C ។ ខ្យល់បក់មកពីទិសពាយ័ព្យមានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

 

 

អត្ថបទដែលជាប់ទាក់ទង