ព្យុះកំណា.ច កងរី វា.យប្រហារកោះតៃវ៉ាន់ បោកបក់រលំផ្ទះសម្បែង ដើមឈើបាក់ដួលរាបពេញផ្លូវ

កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) រដ្ឋបាលឧតុនិយមប្រចាំកោះតៃវ៉ាន់បានប្រកាសពីការវាយប្រហារពីព្យុះកំណាច Kong-rey ដែលនឹងនាំមកនូវខ្យល់បោកបក់ និង ភ្លៀងធ្លាក់ខ្លាំងគ្របដណ្ដប់សឹងពាសពេញកោះទាំងមូល។ ព្យុះ Kong-rey នេះដែរធ្លាប់ជាព្យុះសង្ឃរាដ៏ខ្លាំងក្លា ហើយបើទោះជាវាចុះខ្សោយមែនតែវានៅតែស្ថិតក្នុងព្យុះកម្រិតទី ៤ នៅឡើយ ដែលអាចនាំមកជាមួយកម្លាំងខ្យល់ជាង ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើតាមការបញ្ជាក់ពី Tropicall Storm Risk។

បើតាមការិយាល័យផ្នែកអាកាសធាតុប្រចាំកោះតៃវ៉ាន់បានលើកឡើងថា ព្យុះ Kong-rey នេះដែរគឺចាត់ទុកជាព្យុះដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានវាយប្រហារលើកោះតៃវ៉ាន់គិតតាំងពីឆ្នាំ ១៩៩៦ មក។ ក្នុងការវាយប្រហារដោយព្យុះកំណាចនេះដែរ បានបណ្ដាលឱ្យស្ត្រីវ័យ ៥៦ ឆ្នាំម្នាក់បានស្លាប់ដោយដើមឈើរលំសង្កត់នៅតំបន់ Nantou ខណៈមនុស្ស ៧៣ នាក់ផ្សេងទៀតបានរងរបួស។ ក្រៅពីនេះក៏មានការរអិលបាក់ដីចំនួន ៣៤ កន្លែង អគារ ១៦២ ខ្នងបានរងការខូចខាត និង ដើមឈើ ៣៦៦ ដើមបានដួលរលំ។

ខាងអាជ្ញាធរបានធ្វើការជម្លៀសពលរដ្ឋជាង ៩៦០០ នាក់ចេញពីតំបន់ និង ក្រុងដែលទទួលរងគ្រោះដោយព្យុះកំណាច Kong-rey ក្នុងនោះរួមមានតំបន់ Yilan, Hualien និង Taitung។ គួរបញ្ជាក់ដែរថា ព្យុះទីហ្វុងកំណាច Kong-rey រំពឹងថានឹងបោកបក់លើខេត្ត Fujian ប្រទេសចិននៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកានេះ ហើយក្រុងសៀងហៃក៏អាចនឹងប្រឈមនឹងព្យុះនេះផងដែរ៕

ប្រភព៖ Kenh14

អត្ថបទដែលជាប់ទាក់ទង