ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានចូលរួមទស្សនាពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្តនៃព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”
កម្មវិធី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» គឺជាកម្មវិធីដ៏សំខាន់មួយក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ដោយមានការសម្តែងយ៉ាងអស្ចារ្យពីវីរភាពព្រះបាទជ័យវរ្ម័នទី៧ ដោយមានសិល្បករសិល្បការិនីចូលរួមសម្តែងជាច្រើនរយនាក់ នៅក្នុងបរិវេណប្រាសាទអង្គរវត្តតែម្តង។ កាលពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្ត ក៏បានចាប់ដំណើរការអមដោយអាកាសធាតុដ៏ត្រជាក់ ហាក់ដូចប្រទានពីទេវតាសម្រាប់ព្រឹត្តការណ៍ដ៏អស្ចារ្យ នៃស្នាមញញឹមនៃកម្ពុជា។
«ស្នាមញញឹមនៃកម្ពុជា» ជាសកម្មភាពសង្គមដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹម ដែលបង្ហាញពីមិត្តភាពរបស់ប្រជាជនកម្ពុជា។ស្នាមញញឹមក្នុងប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជា មានន័យជាសញ្ញា ដែលបង្ហាញពីការពេញចិត្តនៅក្នុងសង្គមខ្មែរ។ តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឱ្យស្នាមញញឹម ក្លាយជាសញ្ញានៃសន្តិភាព និងសាមគ្គីភាព។ ការដង្ហែព្រះបាទជ័យវរ្ម័ន៧ក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកឱ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាសតឿនដល់កូនខ្មែរជំនាន់ក្រោយ ឱ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ។ ព្រឹត្តិការណ៍នេះ ក៏ជាការរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក និងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើមនៃសម័យនោះ។
ក្នុងពិធីដង្ហែនោះ ឧកញ៉ា ខេមរៈ សិរីមន្ត សម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សម្តែងជាព្រះនាងឥន្ទ្រទេវី។ នៅខាងក្រៅបរិវេណប្រាង្គប្រាសាទអង្គរតូច មានមហាជនជាច្រើនបានឈររង់ចាំទស្សនាទស្សនីយភាពដ៏អស្ចារ្យកម្របានទស្សនានេះ កញ្ញា លឹម លីណា ជាប្រជាពលរដ្ឋនៅក្រុងសៀមរាប ដែលបានទៅទស្សនាព្រឹត្តិការណ៍នេះ បានលើកឡើងថា ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរនេះ គឺពិតអស្ចារ្យ វាហាក់ដូចជាស្ថិតនៅក្នុងសម័យអង្គរចឹងដែរ។ កញ្ញាពិតជាមានការកោតសសើរ និងសប្បាយចិត្ត ដែលរាជរដ្ឋាភិបាល និងវិស័យឯកជន អ្នកសិល្បៈទាំងអស់បានរួមគ្នាបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឱ្យយុវជនជំនាន់ក្រោយ ក៏ដូចជាភ្ញៀវទេសចរបរទេស បានឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំម្លាប់របស់ខ្មែរ។
ដោយឡែក លោក វុធ រតនា ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា ព្រឹត្តិការណ៍ពិតជាអស្ចារ្យ ហើយលោកចង់ឱ្យរាជរដ្ឋាភិបាលបង្កើតកម្មវិធីបែបនេះឱ្យបានច្រើន និងចង់ឱ្យមានការរៀបចំកម្មវិធីសម្តែង ក្នុងខ្នាតណាមួយនៅក្នុងបរិវេណអង្គរឱ្យបានជាប្រចាំ សម្រាប់បង្ហាញឱ្យភ្ញៀវទេសចរទស្សនា ដែលនឹងធ្វើឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរចង់មកទស្សនាអង្គរមួយកម្រិតទៀត៕ ដោយ ឃុត សៅ
ប្រភព៖ ក្រសួងព័ត៌មាន