ព្យុះកំណាច ត្រាមី វាយប្រហារដល់វៀតណាមហើយ ក្រោយបោកបក់នៅហ្វីលីពីន បណ្តាលឱ្យមនុស្ស ១០០ នាក់បាត់បង់ជី/វិត
ក្រោយបញ្ចប់ការវាយប្រហារលើប្រទេសហ្វីលីពីនរហូតឆក់យកអាយុជីវិតមនុស្សដល់ ១០០ នាក់ ព្យុះទីហ្វុងកំណាច ត្រាមី បានបោកបក់ដល់ភាគកណ្ដាលប្រទេសវៀតណាមហើយកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ខណៈអាជ្ញាធរក្នុងតំបន់បានចេញការព្រមានពីភ្លៀងធ្លាក់ខ្លាំងអាចបង្កជាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ។
បើតាមការបញ្ជាក់ពីភ្នាក់ងារឧតុនិយមជាតិប្រចាំប្រទេសវៀតណាម តំបន់មួយចំនួននៃបណ្ដាខេត្តចាប់ពីខេត្ត Quang Binh ដល់ Quang Nam មានភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុករហូតកម្រិតទឹកហក់ឡើងដល់ ៦០ សង់ទីម៉ែត្រនៅថ្ងៃទី ២៧ និង ២៨ ខែតុលានេះ។ «ហានិភ័យនៃគ្រោះទឹកជំនន់គឺខ្ពស់នៅតាមតំបន់ជាយខេត្តចាប់ពី Ha Tinh ដល់ខេត្ត Binh Dinh» នេះបើតាមការលើកឡើងពីភ្នាក់ងារអាកាសធាតុខាងលើ។ ភ្លៀងធ្លាក់ខ្លាំងក៏រំពឹងថានឹងវាយប្រហារលើតំបន់ Central Highlands ដែលជាតំបន់ចម្បងសម្រាប់ដាំកាហ្វេក្នុងប្រទេសវៀតណាមផងដែរ។
គួរបញ្ជាក់ថា ខណៈព្យុះទីហ្វុង ត្រាមី វាយប្រហារ ព្រលានយន្តហោះចំនួន ៤ នៅភាគកណ្ដាលប្រទេសវៀតណាម ក៏ត្រូវបានប្រកាសបិទជាបណ្ដោះអាសន្ន ដោយក្នុងចំណោមព្រលានទាំងនោះ ព្រលានយន្តហោះអន្តរជាតិនៅក្រុង Danang បានប្រកាសបិទដំណើរការបណ្ដោះអាសន្នចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ២៧ ខែតុលា រហូតដល់ម៉ោង ៤ ព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤។
គួរបញ្ជាក់ថា កាលពីខែមុន ព្យុះទីហ្វុង យ៉ាគី បានវាយប្រហារបង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសវៀតណាម បណ្ដាលឱ្យមនុស្សជាង ៣០០ នាក់បានស្លាប់ និង បង្កការខូចខាតទ្រព្យសម្បត្តិជាច្រើនសរុបជាង ៣.៣ ពាន់លានដុល្លារ៕