ក្រុមហែក ហ្វេសប៊ុកគេឆាតខ្ចីលុយ វេរតាមវីង ត្រូវកម្លាំងអាវុធហត្ថខេត្តព្រៃវែងបង្ក្រាបបានហើយ
ខេត្តព្រៃវែង ៖ ករណីឆបោកប្រាក់តាមវីងកើតឡើងនៅចំណុចភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានហេគចូលលេងហ្វេសប៊ុក ឈ្មោះ SAVY HUN រស់នៅភូមិមានជយ័ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ហើយបានឆាតមកម្ចាស់ហ្វេសប៊ុក ឈ្មោះ Khut Vibol រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ឱ្យផ្ញើលុយឱ្យចំនួន ៣៩,០០០,០០០ រៀល (សាមសិបប្រាំបួនលានរៀល) ដោយសារម្ចាស់ អាខោនហ្វេសបុកទាំងពីរជាមនុស្សស្គាល់គ្នាហើយរកស៊ីផ្ញើលុយជាមួយគ្នាទៅវិញទៅមកក៏បានផ្ញើឱ្យក្រោយមកទើបដឹងថាហ្វេសប៊ុករបស់ឈ្មោះ SAVY HUN ត្រូវបានគេហេគចូលលេងដើម្បីឆាតខ្ចីលុយ។
ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាឱ្យកម្លាំងជំនាញ ធ្វើសហការ ជាមួយក្រុមហ៊ុនវីង ដើម្បីឆែកទីតាំងដកលុយ ជាលទ្ធឃើញថាការដកលុយនេះគឺដកនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខេត្ដព្រៃវែង ធ្វើការសហការជាមួយអាវុធហត្ថខេត្តព្រះសីហនុ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មានឈ្មោះ អាន ដានិត ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់អនឡាញ រស់នៅភូមិចំណោទរាម ឃុំបិតប្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ នី ចិត្រា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិចំណោទរាម ឃុំបិតប្រាំង ស្រុកព្រៃនប់ ខេតព្រះសីហនុ។
សម្ភារចាប់យកមានម៉ូតូ២គ្រឿង, អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរច្បាប់ដើម២សន្លឹក សំបុត្រកំណើត១ច្បាប់ សំបុត្របញ្ជាក់កំណើត២ច្បាប់ និងឯកសារមួយចំនួន, កាតធនាគារ៥, បណ្ណ័សម្គាល់យានយន្តច្បាប់ដើម១, ប័ណ្ណបើកបរចំនួន១, ប័ណ្ណចាក់វ៉ាក់សាំងកូវីត១៩ ចំនួន២, លោហធាតុពណ៌លឿងចំនួន១ខ្សែ នឹងបន្តោងរូបសត្វចំនួន១, ស៊ីមកាតចំនួន២១ស៊ីម, កាបូបដៃ១, កាបូបយួរដៃ១, សោររថយន្ត១, ស្លាកលេខម៉ូតូព្រះសីហនុ1J 8234, ទូរសព្ទ័ចំនួន៩គ្រឿង, ប្រាក់ដុល្លា១៤០០$(មួយពាន់បួនរយដុល្លារ), ប្រាក់រៀល ៣,៩០៣,០០០៛។
បន្ទាប់ពីធ្វើការស្តាប់ចម្លើយជនសង្ស័យទាំងពីរនាក់ និងសហការជាមួយក្រុមហ៊ុនវីង ឆែក កាមេរ៉ា ឃើញមានការដកលុយនៅ ចំណុចផ្ទះវីង ឈ្មោះផល្លែន នៅភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយកម្លំាងស្នើសុំគោលការពន្លាតដែនដីទៅសហការជាមួយ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីបន្តនីតិវិធី។
ក្រោយពីបានសហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរួច កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ឈ្មោះ អ៊ាម គិមរាស ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេតបន្ទាយមានជ័យ។
វត្ថុតាងចាប់យករួមមានទូរស័ព្ទដៃចំនួន ០១គ្រឿង, អត្ដសញ្ញាណប័ណ្ណចំនួន ០១, ប្រាក់រៀល ចំនួន ១,៨០០,០០០ រៀល ។
ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង ចាត់ការបន្តតាមនីតិវិធី ៕