កូនប្រុសបង្កើតបែកគំនិតនាំបក្ខពួក ២ នាក់ គាស់ផ្ទះចូលលួចម៉ូតូឪពុកខ្លួនឯង ហើយបង្ករបួសលើឪពុកយ៉ាងដំណំទៀត
ជារឿងដ៏គួរឱ្យនឹកស្មានមិនដល់ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងពីករណីកូនប្រុសនាំបក្ខពួកមកចូលលួចម៉ូតូឪពុក ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៨ ឡើងតែម ២០១៥ ពាក់ផ្លាកលេខកំពង់ស្ពឺ 1C.6908 នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ នៅរំលងអាធ្រាត្រម៉ោង ០១:១៥ នាទីយប់ ថៃ្ងទី ២៦ តុលា ២០២៤។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យបានដឹងថា ម៉ូតូខាងលើជាកម្មសិទ្ធិឈ្មោះ ញៀន តុល ភេទប្រុស អាយុ ៤៥ ឆ្នាំ បានរងរបួស ព្រោះតែការពារទ្រព្យសម្បត្តិរបស់ខ្លួន ដែលចោរបានចូលលួចពាក់កណ្ដាលយប់ ខណៈចោរនោះគឺជាកូនបង្កើត និង បក្ខពួក ហើយបានកាប់ឪពុករបស់ខ្លួនមួយកាំបិតកាចែតចំក្បាលផ្នែកខាងលើចិញ្ចើមថែមទៀត។
យោងតាមចម្លើយសារភាពឈ្មោះ តោ ភក្រ្តា ដែលជាកូនប្រុសជនរងគ្រោះ មានអាយុ ២២ ឆ្នាំ បានបញ្ជាក់ថា ខ្លួន និង បក្សពួក ២ នាក់ទៀត បានចូលមកលួចយកម៉ូតូឪពុកខ្លួនប្រាកដមែន ដោយបក្ខពួកជាអ្នកធ្វើសកម្មភាព លុះឪពុករបស់ខ្លួនបានភ្ញាក់ដឹងខ្លួនទាន់ និង បានមកទាញចាប់ម៉ូតូ ពេលនោះដើម្បីកុំឱ្យខូចផែនការ ខ្លួនបានទាញកាំបិតកាចែតកាប់វាយប្រហារទៅលើលោកឪពុកតែម្ដង រួចបក្ខពួកបានយកម៉ូតូចេញផុតពីទីកន្លែងកើតហេតុគេចបាត់។
បក្ខពួកទាំងពីរនាក់មានឈ្មោះ ស៊ិន សាម៉េត ហៅ ហួ ភេទប្រុស អាយុ ២១ ឆ្នាំ (គេចខ្លួន) និង ឈ្មោះ ផល ឆើត ហៅ ប៉ៃ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នសមត្ថកិច្ចបានបន្ដនីតិវិធីសហការស្រាវជ្រាវឃាត់អ្នកពាក់ព័ន្ធ និង បានចំណាត់ការនីតិវិធីកសាងសំណុំរឿងបញ្ជូនបន្ដការិយាល័យខេត្ត៕