មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកោះកុង សម្រេចពិន័យជាថវិកាចំនួន៣លាន៩សែនរៀលចំពោះបុរសម្នាក់ ដែលវាយសម្លាប់សត្វឈ្លូសមួយក្បាល នឹងដំបងឈើ

កោះកុង៖ មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកោះកុង នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នំា២០២៣នេះ សម្រេចពិន័យជាថវិកាចំនួន៣លាន៩សែនរៀលចំពោះបុរសម្នាក់ ដែលវាយសម្លាប់សត្វឈ្លូសមួយក្បាលនឹងដំបងឈើកំពុងប្រឹងហែលទឹកនៅឆ្នេរសមុទ្រកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច។

បុរសនេះ ឈ្មោះ តាន់ អ៊ូខុង អាយុ២៣ឆ្នាំ ជាសន្តិសុខបម្រើការងារនៅក្រុមហ៊ុន ឡុង បេ ក្នុងតំបន់តារាសាគរ ស្រុកគិរីសាគរ ខេត្តកោះកុង។
តាមការបញ្ជាក់របស់លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង និយាយថា ការដែលសម្រេចត្រឹមតែការផាកពិន័យជាទឹកប្រាក់ចូលរដ្ឋមិនផ្តន្ទាទោសដាក់ពន្ធនាគារបែបនេះ ដោយសារតែសត្វឈ្លូសមួយក្បាលមានទម្ងង់ប្រមាណ១៣គីឡូក្រាម មិនស្ថិតក្នុងក្រុមបញ្ជីក្រហមដែលច្បាប់ហាមឃាត់ខ្លាំង។ ជាក់ស្តែង គេតែងប្រទះឃើញមានវត្តមានបង្គួរនៅព្រៃក្នុងប្រទេសកម្ពុជា។

លោក ប្រាក់ ប៊ុន្នី អះអាងថា សត្វឈ្លូសមួយក្បាលដែលរងនឹងដំបងរបស់មនុស្សរហូតដល់ងាប់ ជាធម្មតានៃសត្វគឺវាផ្លាស់ទីតាំងរកស៊ីពីកន្លែងមួយទៅកន្លែងមួយទៀត ករណីមិនរកអ្វីស៊ី និងរងការរំខានពីមនុស្ស។
យោងតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ជំពូកទី១៥ ទោសប្បញ្ញត្តិ មាត្រា៩៦ ចំណុច២០ បរបាញ់ក្នុងទីសាធារណៈ ជនណាប្រព្រឹត្តបទល្មើសដូចមានចែងក្នុងកឋាខណ្ឌទី១នៃមាត្រានេះ មិនរាងចាលក្នុងរយៈពេល១ខែ ត្រូវទទួលការពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពី២ទៅ៤ដងនៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ។ វត្ថុតាងពិតប្រាកដនៃបទល្មើសព្រៃឈើត្រូវរឹបអូសជាសម្បត្តិរដ្ឋស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ វត្ថុតាងផ្សេងទៀតក្រៅពីផលអនុផលព្រៃឈើអាចប្រគល់ឱ្យសាមីជនវិញតែក្នុងករណីប្រព្រឹត្តល្មើសនឹងមាត្រា៩៦នៃច្បាប់។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ក៏បានឱ្យដឹងដែរថា រដ្ឋបាលខេត្តកោះកុងដឹកនាំដោយលោកស្រី មិថុនា ភូថង ក៏ឯកភាពលើចំណាត់ការត្រឹមតែផាកពិន័យនេះដែរ ស្របពេលយុវជនដែលជាជនសង្ស័យបានទទួលស្គាល់កំហុសកន្លងទៅ និងចេញមុខមកសារភាពចំពោះមុខសមត្ថកិច្ច បន្ទាប់ពីការប្រកាសស្វែងមុខជនសង្ស័យពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជនការរិះគន់ពីមហាជន។

លោកអភិបាលរងខេត្តកោះកុង ជឿជាក់ថា យុវជនឈ្មោះ តាន់ អ៊ុខុន នឹងកែខ្លួនមិនប្រព្រឹត្តខុសជាលើកទី២នោះទេ បើពុំនោះទេទទួលរងទោសទណ្ឌតាមច្បាប់ជាមិនខាន។ លោកអភិបាលរងខេត្ត ពន្យល់ទៀតថាតាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុនាំឱ្យមានការស្ទុះទៅវាយឈ្លូស ដោយសារលង់ជឿតាមការញុះញុងជំរុញពីហ្វូងមនុស្សនៅទីនោះ ហើយភ្លេចខ្លួនមួយពេល ក្រោយវាយអូសមកឆ្នេររូបគេក៏រត់ទៅកន្លែងធ្វើការតែម្តង។ ជនសង្ស័យពីរនាក់ដែលលើកសែងឈ្លូសមិនមែនជាបក្សពួកគេទេ មិនស្គាល់អត្តសញ្ញាណឡើយ៕

អត្ថបទដែលជាប់ទាក់ទង