តារាចម្រៀងប្រុស ថេណា ចេញ Sad លើកនេះ ត្រូវអ្នកគាំទ្រនាំគ្នាចាត់ទុកជារឿងកំប្លែងវិញ
ដូចមហាជនបានជ្រាបហើយថា តារាចម្រៀងសំឡេងស្រទន់ ថេណា ត្រូវបានអ្នកគាំទ្រ ជាពិសេស យុវវ័យពេញចិត្តស្រឡាញ់ខ្លាំងទៅលើទេពកោសល្យសិល្បៈរបស់លោក។ លើសពីនោះ បើនិយាយពីរូបសម្បត្តិ និង អាកប្បកិរិយាវិញ បើទោះជាមិនសូវមាត់កក្តី តែលោក ថេណា ត្រូវបានចាត់ទុកជាតារាចម្រៀងប្រុសមានមន្តស្នេហ៍មួយរូប។
ជាងនេះទៅទៀត រាល់ការបង្ហោះសារ បង្ហោះរូបភាពនៅលើគណនី និង ផេកហ្វេសប៊ុកផ្លូវការម្តងៗ គឺលោក ថេណា ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និង ចូលទៅបញ្ចេញមតិ ចែករំលែករាប់ពាន់ដងឯណោះ។
ជាក់ស្តែង កាលពីយប់រំលងអធ្រាត្រម៉ោងប្រមាណជាង ១២ ថ្ងៃទី ២១ ឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ តារាចម្រៀងប្រុស ថេណា បានបង្ហោះ Status មួយថា៖ «លាហើយ លាលើកចុងក្រោយ ជូនពរឱ្យអ្នកបានសុខចុះនឹងប្រុសម្នាក់នោះ wish you happy endings»។
ក្នុងនោះ Status ខាងលើមានអ្នកចូលទៅបញ្ចេញមតិទាំងយប់ និង ចែករំលែកជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍សារ ដែលលោក ថេណា បង្ហោះឡើងនោះ គឺមានអ្នកចុចសើចដល់ទៅជាង ២ ម៉ឺននាក់ ឯណោះ ពោលគឺបើទោះជាលោក ថេណា បង្ហោះសារបែបឈឺចាប់ តែអ្នកគាំទ្រគិតថាជារឿងអស់សំណើច ព្រោះកន្លងមកតារាប្រុសរូបនេះមិនដែលបង្ហើបថាមានគូស្នេហ៍នោះឡើយ។ ម្យ៉ាងវិញទៀតនោះ គឺលោក ថេណា ចូលចិត្តលេងសើចលើហ្វេសប៊ុកបង្ហោះ Status ប្លែកៗ និង អ្នកគាំទ្រខ្លះក៏គិតថា ជាឃ្លាចេញពីបទចម្រៀងរបស់លោកក៏ថាបាន៕