សហរដ្ឋអាមេរិក ចង់ឃើញសង្រ្គាមអ៉ីស្រាអែល-ហេសបូឡា បញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
(បេរូត)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២១ ខែតុលា បាននិយាយថាខ្លួនចង់ឃើញសង្រ្គាមរវាងអ៉ីស្រាអែល និងហេសបូឡា បញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយទទូចឱ្យមានការអនុវត្តដំណោះស្រាយមួយរបស់អង្គការសហប្រជាជាតិ ដែលតម្រូវឱ្យក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ដកចេញពីតំបន់ភាគខាងត្បូងលីបង់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការអំពាវនាវខាងលើរបស់សហរដ្ឋអាមេរិក ធ្វើឡើងចំពេលអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់វ៉ាស៊ីនតោន បានបង្កើនការវាយប្រហារនៅលីបង់ ក្នុងនោះរួម មានទាំងការកំណត់គោលដៅលើក្រុមទទួលខុសត្រូវហិរញ្ញវត្ថុដែលមានទំនាក់ទំនងជាមួយហេសបូឡា និងបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។ ចំពោះមុខសង្រ្គាមទាំង២ នេះ បេសកជនពិសេសអាមេរិក លោក Amos Hochstein បានលើកឡើងអំឡុងធ្វើទស្សនកិច្ចនៅរដ្ឋធានីបេរូត នៃប្រទេសលីបង់ថាទីក្រុងវ៉ាស៊ីនតោនចង់ឃើញជម្លោះនៅ លីបង់បិទបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
«ការភ្ជាប់អនាគតរបស់លីបង់ទៅនឹងជម្លោះផ្សេងទៀតនៅក្នុងតំបន់ មិនមែនស្ថិតនៅក្នុងប្រយោជន៍របស់ប្រជាជនលីបង់នោះទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក Hochstein ដោយចង់សំដៅទៅលើសំណើមួយរបស់ហេសបូឡាដែលទាមទារថាបទឈប់បាញ់ណាមួយនៅលីបង់ ត្រូវតែនាំទៅរកការបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា ដូចគ្នាដែរ។
គួរបញ្ជាក់ថា បើតាមលោក Amos Hochstein ខណៈដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN លេខ 1701 ដែលបានបិទបញ្ចប់សង្រ្គាមអ៉ីស្រាអែល និងហេសបូឡា កាលពីឆ្នាំ២០០៦ គួរតែត្រូវបានយកធ្វើជាមូលដ្ឋានសម្រាប់បទឈប់បាញ់ថ្មីមួយ ភាគីទាំងអស់មិនបានប្រឹងប្រែងគ្រប់គ្រាន់នោះទេ ដើម្បីអនុវត្តតាមដំណោះស្រាយមួយនេះ៕